(លីវើភូល)៖ ក្លឹបបាល់ទាត់ Liverpool របស់អង់គ្លេស គ្រោងចំណាយទឹកប្រាក់ជាច្រើន ក្នុងការប្រជែងយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ FC Barcelona ខណៈលោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហមបានត្រៀមប្រមាណ ៨៥លានផោន នៅរដូវកាលដោះដូរកីឡាករនៅខែមករា ឆ្នាំក្រោយ។

បើតាមការចេញផ្សាយរបស់ Talk Sport ខ្សែប្រយុទ្ធ Dembele វ័យ២១ឆ្នាំ ជាកីឡាករវ័យក្មេងម្នាក់ដែលជួយឲ្យប្រទេសបារាំង ឈ្នះជើងឯកពិភពលោកនៅទឹកដីរុស្ស៊ី ក៏ត្រូវបាន Liverpool ចង់នាំយកមកកាន់ទឹកដី Anfield ដើម្បីបង្កើនប្រព័ន្ធប្រយុទ្ធរបស់ក្រុមឲ្យកាន់តែខ្លាំងជាងមុន ក្នុងការប្រជែងពាន Premier League រដូវកាលឆ្នាំ២០១៨-២០១៩។

គិតត្រឹមរដូវកាលនេះ Liverpool បានចំណាយប្រាក់ជាច្រើនទិញកីឡារ ៤រូបមាន Xherdan Shaqiri មកពី Stock City, Naby Keita មកពីក្លឹប Leiqzig, Fabinho មកពីក្លឹប Monaco និងកីឡាករអ្នកចាំទី Alisson មកពីក្លឹប Roma៕