(ភ្នំពេញ)៖​ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានសម្ដែងក្ដីរីករាយក្រៃលែង ស្របពេលវិស័យកីឡាវាយសីកម្ពុជាបច្ចុប្បន្នមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយលោករំពឹងយ៉ាងមុតមាំថា កីឡាករ-កីឡាការិនីម្នាក់ៗ ពិសេសធនធានថ្នាលតាមក្លឹបនីមួយៗ នឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចគោលដៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ។

ការលើកឡើងខាងលើ បានធ្វើក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ក្នុងពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ ។ ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក លី កុសល បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដោយសារកីឡាករ-កីឡាការិនីចូលរួមភាគច្រើន គឺជាយុវជន អាយុក្រោម ១៩ឆ្នាំ ។ ហេតុនេះលោកបានចាត់ទុកនេះគឺជាគ្រាប់ពូជដ៏ល្អ ដើម្បីបណ្ដុះបណ្ដាលឆ្ពោះទៅរកការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនាថ្ងៃអនាគត ។

ប្រធានសហព័ន្ធដដែលបញ្ជាក់ថា «ការទទួលបានតំណែងជើងឯកថ្នាក់ជាតិ គឺកើតចេញពីការខំប្រឹង ដូច្នេះសហព័ន្ធសូមកោតសរសើរ និងលើកទឹកចិត្តដល់យុវជនរបស់យើង ត្រូវខិតខំបន្ដទៀត ដើម្បីបង្កើនសមត្ថភាព ពិសេសគឺការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំណត់ហើយ កីឡាវាយសី ត្រូវដណ្ដើមឲ្យបានមេដាយមាសយ៉ាងតិច ២គ្រឿង ។ ហេតុនេះ យើងត្រូវការខំប្រឹងទាំងអស់គ្នា ទាំងសហព័ន្ធ និងកីឡាករ-កីឡាការិនី ដើម្បីឈានទៅសម្រេចគោលដៅយើងចង់បាននេះ»

គួរបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ បានធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែវិច្ឆិកានេះ ដោយមាន ១៤ក្លឹប-សមាគម ស្មើនឹងកីឡាករ-កីឡាការិនីសរុប ១៣៤នាក់ចូលរួម។ ជាលទ្ធផលសមាគមកីឡាវាយសី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេ មានមេដាយមាស ៤ និងប្រាក់ ៣, សមាគមកីឡាវាយសី ខេត្តកំពង់ឆ្នាំង ឈរលេខ២ ដណ្ដើមបានមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ៣ និងសមាគមកីឡាវាយសី ក្រសួងមហាផ្ទៃ ឈរលេខ៣ ដណ្ដើមបានមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង៕