(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសកាលបរិច្ឆេទរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ របស់ហើយជាផ្លូវការហើយ ដោយគ្រោងធ្វើឡើង ៨ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៨ ខែធ្នូខាងមុខ នៅតំបន់អភិវឌ្ឍន៍ ស្កាយលែន ឃុំវិហារសួគ៌។ ប៉ុន្ដែលក្ខខណ្ឌចូលរួមឆ្នាំនេះ ត្រូវបានសហព័ន្ធរឹតបណ្ដឹងជាងមុន ដោយក្នុង ១ប្រភេទទម្ងន់ អនុញ្ញាតឲ្យកីឡាករតំណាងក្លឹប និងសមាគម មកពីរាជធានី-ខេត្តចូលរួមតែម្នាក់ប៉ុណ្ណោះ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ ត្រូវរឹតបណ្ដឹង ព្រោះសហព័ន្ធត្រូវធ្វើការចម្រាញ់យកកីឡាករល្អ សម្រាប់ត្រៀមស៊ីហ្គេម។ ដោយហេតុនេះ លោកបានស្នើដល់គ្រប់ក្លឹប និងសមាគមទាំងអស់ ត្រូវចម្រាញ់តែកីឡាករ-កីឡាការិនីជើងខ្លាំង និងមានសមត្ថភាពប្រចាំក្លឹប ឬសមាគមរបស់ខ្លួន បញ្ចូនមកចូលរួមការប្រកួតបានហើយ ដើម្បីសម្រាំងបាននូវធនធានកីឡាករមានសមត្ថភាព និងទេពសកោលពិតប្រាកដ សម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា។

ចំពោះការទទួលពាក្យ គឺចាប់ផ្ដើមទទួលពីឥលូវ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ នៅទីស្នាក់ការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថិតក្នុងពហុកីឡដ្ឋានជាតិ ។ រីឯវិញ្ញាសាសហព័ន្ធត្រៀមដាក់ឲ្យប្រកួត រួមមានផ្នែកបុរស៖ ទម្ងន់ ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម, ៦៣.៥គីឡូក្រាម និងទម្ងន់ ៧៣គីឡូក្រាម។ ផ្នែកនារី រួមមានទម្ងន់ ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម,  ៦០គីឡូក្រាម និងទម្ងន់ ៦៣.៥គីឡូក្រាម៕