(ភ្នំពេញ)៖ រហូតមកទល់នឹងពេលនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ហាក់កាត់ចិត្តមិនទាន់បាន ពីការបាត់បង់លោកយាយជាទីស្រឡាញ់របស់ខ្លួននៅឡើយទេ​ ព្រោះរូបគេ បានរស់នៅជាមួយលោកយាយ តាំងពីតូចក្រូចឆ្មាមកម្ល៉េះ ដោយសារតែឪពុកម្តាយទៅរកស៊ីនៅស្រុកគេ។ យ៉ាងណាមិញ ដើម្បីជាការរំឭកដល់លោកយាយ ដែលទើបនឹងចែកឋានទៅ ពេជ្រ ថៃ បានបង្ហើរសំនៀងតាមរយៈបទចម្រៀងថ្មីមួយបទ មានចំណងជើងថា «គុណលោកយាយ» ​ដែលបទនេះ បានបង្ហាញពីអារម្មណ៍សោកសៅរបស់ខ្លួន ធ្វើឲ្យមហាជនក្ដុកក្ដួលចិត្តស្ទើរគ្រប់គ្នា។

 ជាមួយនឹងបទថ្មី បកស្រាយដោយ ពេជ្រ ថៃ មានចំណងជើងថា «គុណលោកយាយ»​ នេះមានខ្លឹមសារ រំឭកដល់គុណលោកយាយ​ ដែលធ្លាប់តែហៅថា «ម៉ែចាស់»។ អ្វីដែលពិសេស ក្នុងការបង្ហើរសំនៀងយ៉ាងពីរោះរណ្តំ រួមផ្សំជាមួយនឹងការដាក់បញ្ចូល មនោសញ្ចេតនាក្នុងបទចម្រៀង ហាក់បង្ហាញពីក្តីនឹករឭកដល់ លោកយាយដែល ទើបនឹងចែកឋានទៅនេះ បានធ្វើឲ្យទស្សនិកជនដែលបានស្តាប់ហើយ មានចិត្តអាណិត ពេជ្រ ថៃ ជាខ្លាំង រហូតមានទស្សនិកជនមួយចំនួន ស្ទើរស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនទៀតផង។ ​ក្នុងបទចម្រៀងនេះ បានបង្ហាញពីជីវិត របស់​តារាវ័យក្មេង ពេជ្រ ថៃ ដែលឃ្លាតឆ្ងាយពីឪពុកម្តាយ តាំងពីតូចមកម្ល៉េះ និងរស់នៅជាមួយលោកយាយរហូត មិនដែលហៅឈ្មោះ ម៉ែពុកដូចក្មេងឯទៀតនោះទេ។

ក្នុងហ្វេសប៊ុករបស់ ពេជ្រ ថៃ បានសរសេរសារភ្ជាប់ ជាមួយបទចម្រៀងនេះ យ៉ាងដូច្នេះថា «រីករាយស្ដាប់ទាំងអស់គ្នា បងប្អូនអ៊ុពូមីងយាយតា អរគុណសម្រាប់ការស្រឡាញ់ និងគាំទ្រចំពោះអូន ចម្រៀងមួយបទនេះដែរ ចៅសូមជូនទៅដល់លោកយាយជាពិសេស»