(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរឿង « បន្តោង​ឆ្នាំងដី »  បានដាក់​សម្ពោធ​ ​ជា​ផ្លូវការហើយ ​កាលពី​ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ។ ក្នុងនោះ​ម្ចាស់ផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទាល់បានសម្ដែងអារម្មណ៍រំភើប រហូតស្ទើរស្រក់ទឹកភ្នែក ខណៈដែលវណ្ណកម្មដំបូងរបស់ខ្លួន រឿង «បន្តោងឆ្នាំងដី» មានអ្នកគាំទ្រ​ភ្លូកទឹកភ្លូកដី ដោយនៅថ្ងៃការបើកសម្ពោធរឿងនេះ គេសង្គេតឃើញ មានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់តារាសម្ដែង​ តារាចម្រៀង ផលិតករ​​ មន្រ្តីក្រសួងវប្បធម៌, មន្រ្តីក្រសួងអប់រំ ព្រមទាំង​​ទស្សនិកជនយ៉ាច្រើនកុះករ ជាហេតុធ្វើឲ្យ​ម្ចាស់ផលិតក​ម្ម​រូបនេះ មានអារម្មណ៍រំភើប រកនិយាយអ្វីមិនត្រូវ​​។

 អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងទាំងអារម្មណ៍​រំភើប អរញាប់ញ័រ នៅក្នុងកម្មវិធី បើកសម្ពោធដាក់បញ្ចាំងជាផ្លូវការ ខ្សែភាពយន្តដំបូង របស់ខ្លួន រឿង «បន្តោងឆ្នាំងដី» ថា «​ខ្ញុំមានក្ដីសោមនស្សរីករាយ​បំផុត ក៏ដូចជា​សូមអរគុណដល់​អ្នកចូលរួម ក៏ដូចជាអរគុណដល់ តារាសម្ដែង ផលិតករ អ្នកដឹកនាំ និងអ្នកដែលពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យខ្សែភាពយន្ត​​រឿង «បន្ដោងឆ្នាំងដី» ដែលជាវណ្ណកម្មដំបូង​របស់ខ្ញុំ បានលេចចេញជារូបរាងឡើង ហើយធ្វើឲ្យមានការគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន ជាពិសេស គឺការចូលរួមលើកស្ទួយ វិស័យភាពយន្តខ្មែរយើងទាំងអស់គ្នា»

អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងបន្តថា «ភាពយន្តរឿង បន្តោងឆ្នាំងដី គឺជាការដឹកនាំសម្ដែងដោយនាយ ពែកមី និងលោក សុខ ​ជំនោរ ហើយត្រូវបានសម្រិតសម្រាំងឡើង យ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យមានគុនភាពល្អ ស្រប់តាមស្ដងដាភាពយន្ត ដែលអាចធ្វើឲ្យអ្នកគាំទ្រទទួលយកបាន។ ការបង្ហាញឲ្យឃើញពីការចូលរួម យ៉ាងសស្រាកសស្រាំ​នៅពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការគាំទ្រ និងចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំង​មួយកម្រិតទៀត ហើយក៏ជាកម្លាំងចិត្តមួយយ៉ាងធំធេង ដល់ផលិតករទាំងអស់ ដើម្បីបន្តផលិតរឿង ដាក់បញ្ចាំងនៅលើទិផ្សារ»

គួរបញ្ជាក់ថា រឿង​ «បន្តោង​ឆ្នាំង​ដី» ជា​​ភាព​យន្ត​បែប​​អបិយជំនឿ​ ​​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់រំ ​លាយ​ឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​​​​ជា​ច្រើន។ ដោយឡែក រឿង «បន្តោងឆ្នាំដី» មានការចូល​រួម​សម្ដែង​ដោយ​ នាយ កុយ,នាយ ពែកមី, ហេង ចន្ថា, វីជេអាឡាស្កូ, ងួន សុបិន, បែន ចំរ៉ុង, កីឡាករ​ប្រដាល់ វ៉ន វីវ៉ា ព្រម​ទាំង​តារា​សម្ដែង​ស្រី​ប្រុស​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត ដោយ​ត្រៀម​នឹង​ដាក់​បញ្ចាំង ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​​មួយ​ចំនួន​ ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ២០១៨ នេះ​ហើយ៕​​​​​​​​