(ភ្នំពេញ)៖ តារាចម្រៀងប្រុសពន្លកថ្មី ទើបនឹងរះក្នុងពិភពសិល្បៈ លោក រាជ រាសី ដែលត្រូវបានគេដឹងថា ជាតារាចម្រៀង​មានស្រុកកំណើត នៅខេត្តកណ្ដាល ខណៈ​នេះ​លោក កំពុងតែធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការចាប់អារម្មណ៍ តាមរយៈបទចម្រៀង ដែលជាស្នាដៃសំនៀងដំបូងរបស់លោក មានចំណងជើងថា «លួចស្នេហ៍ Best Friend» ដោយបទចម្រៀងនេះ បានបង្កប់នូវអត្ថន័យចាក់ដោតអារម្មណ៍ ខ្លាំងជាពិសេសយុវវ័យជំនាន់ថ្មី ដែលកំពុងលួចស្រឡាញ់មិត្តភក្តិ របស់ខ្លួនឯង ទាំងដែលគេមិនបានដឹងខ្លួន។

ជាការពិតណាស់ បទចម្រៀង «លួចស្នេហ៍ Best Friend» ជាបទចម្រៀង បែបមនោសញ្ចេតនា ស្នេហាជ្រាលជ្រៅ​របស់យុវវ័យ ដែលជាមិត្តភក្តិនឹងគ្នា ប៉ុន្តែ​បែរជាមិត្តភក្តិប្រុស មានចិត្តលួចស្រឡាញ់ មិត្តភក្តិស្រី​ដែល​ស្និទស្នាល​នឹងគ្នា ក្នុងន័យស្នេហាទៅវិញ ដែលអត្ថន័យនេះពិតជា​ចាក់ដោតខ្លាំងដល់​អារម្មណ៍យុវវ័យ ដែលកំពុងតែជួបរឿងពិត ដូចជាក្នុងបទចម្រៀងនេះផ្ទាល់​។

យ៉ាងណាមិញ គួបផ្សំជាមួយនឹង​ការបង្ហើរសំនៀង យ៉ាង​ក្រអួនក្រអៅលាយឡំ នឹងអត្ថន័យ​ចាក់ដោតនៃបទចម្រៀង ពិតជាធ្វើឲ្យចម្រៀងមួយបទនេះ កាន់តែពីរោះរណ្ដំ ទាក់ទាញចិត្តអ្នកស្ដាប់ ជាពិសេសនោះ គឺកំពុងតែអង្រួនបេះដូងយុវវ័យតែម្ដង។

លោក រាជ រាសី បាន ឲ្យដឹងថា ទោះបីជាបទចម្រៀង​ «លួចស្នេហ៍ Best Friend» ជាសំនៀងដំបូង នៅក្នុងការបើកទំព័រ​ប្រវត្តិសាស្រ្តសិល្បៈ របស់ខ្លួនក៏ពិតមែន ប៉ុន្តែលោកបានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រពីទស្សនិកជន ជាពិសេសយុវវ័យ។ អ្វីដែលលោកត្រូវធ្វើបន្ត គឺលោកនឹងព្យាយាមរកអ្វីដែលថ្មី ហើយប្លែក ដើម្បីជាចំណីចក្ខុ និងជាការកំដរអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ ខណៈបទការបញ្ចេញ Original Song គឺជាគោលដៅចំបងសម្រាប់រូបលោក។

លោកបន្តថា តាមរយៈបទនេះ លោកនឹងរង់ចាំទទួលការរិះពីសំណាក់មហាជន និងមិត្តយុវវ័យ ដើម្បីឲ្យខ្លួនមានការស្ថាបនា កែលំអរឲ្យបានប្រសើរឡើងបន្ថែមទៀត ព្រោះជាការពិត ការគាំទ្រ ឬមិនគាំទ្រ អាស្រ័យលើមហាជនទូទៅ ជាអ្នកជួយលើកស្ទួយជ្រោមជ្រែង និងវិនិច្ឆ័យប៉ុណ្ណោះ ហើយលោកនឹងទទួលយក ដោយក្ដីរីករាយ​ ខណៈ​បទចម្រៀងថ្មីរបស់លោក ក៏កំពុងត្រៀមចេញ ជាបន្តបន្ទាប់ទៀតដែរ៕