(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាអត្តពលកម្មសរុប ១៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ១១នាក់ បានធ្វើដំណើរទៅប្រទេសចិនហើយ កាលពីល្ងាចមិញ ដើម្បីចូលរួមកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចិន-អាស៊ាន ឆ្នាំ២០១៨ (The 2018 China-ASEAN International Marathon) នៅថ្ងៃទី១៧ ខែវិច្ឆិខាងមុខ នៅទីក្រុង Fangchenggang នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន។

បេសកកម្មនេះដឹកនាំដោយលោក ដាំ ភិរម្យ អនុប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ជាប្រធានប្រតិភូ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។ ចំពោះសមាសភាពកីឡាករមាន ៨រូប គឺកីឡាករ ម៉ា វីរ៉ូ, វ៉ាន់ ភារ៉ា, គៀង សាម៉ន, ជា សម្ភស្ស, សាត ឧត្តម, ផាត សុភុត, ឃ្លាំង បេប៊ុនណារ៉ា និងកីឡាករ ឡៃ ពិសិដ្ឋ។ រីឯផ្នែកនារីមាន ៣រូប រួមមានកីឡាការិនី ហេង ម៉ីជូ, បូ សំណាង និងកីឡាការិនី បូរ ស៊ុនណារី។

តាមការបញ្ជាក់របស់តំណាងប្រតិភូកម្ពុជា បានឲ្យដឹងថា ការចូលរួមព្រឹត្តិការណ៍នេះ គោលបំណងសំខាន់ គឺផ្តោតលើការរឹតចំណងមិត្តភាព សាមគ្គភាព រវាងប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ ចំពោះការប្រកួតផ្លូវការ នឹងធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាស្អែក បន្ទាប់មកប្រតិភូ និងអត្តពលិកកីឡាអត្តពលកម្មកម្ពុជា នឹងធ្វើដំណើរមាតុភូមិនិវត្តន៍វិញ នាថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនអត្តពលិកទ្រង់ទ្រាយធំ ទៅចូលរួមព្រឹត្តិការណ៍ The 2018 China-ASEAN International Marathon និងទទួលបានការឧបត្ថម្ភទាំងស្រុងដោយក្រសួងអប់រំ យុវជន និងកីឡា៕