(ហ្សាគ្រីប)៖ ក្រុមជើងឯករងបាល់ទាត់ពិភពលោក ក្រូអាត បានទទួលជ័យជម្នះលើក្រុមអេស្ប៉ាញ ៣-២ នៅនាទីចុងម៉ោង ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Nations League ឆ្នាំ២០១៨ នៅកីឡដ្ឋាន Maksimir នារាត្រីថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា វគ្គសន្សំពិន្ទុក្នុងពូល A ក្រុមទី៤ ដែលមាន ៣ប្រទេស អេស្ប៉ាញ, ក្រូអាត និងជម្រើសជាតិអង់គ្លេស។

៣គ្រាប់ជ័យជម្នះរបស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ Andrej Kramaric នៅនាទីទី៥៤ និងមិត្តរួមក្រុម Tin Jedvaj រកបាន ២គ្រាប់នៅនាទីទី៦៩ និងនាទីទី៩០ ខណៈ ២គ្រាប់របស់អេស្ប៉ាញ រកបានដោយកីឡាករ Dani Ceballos នាទីទី៥៦ និងកីឡាករខ្សែការពាឆ្នើម Sergio Ramos នៅនាទីទី៧៨ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ។

១ប្រកួតបន្ទាប់របស់ក្រុមក្រូអាត ត្រូវបន្តប៉ះក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសក្នុងកីឡដ្ឋាន Wembley៕