(ភ្នំពេញ)៖ នេះជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈគ្រប់ស្រទាប់ និងទស្សនិកជនខ្មែរ ដែលធ្លាប់ទស្សនារឿង «តេជោយ៉ត» និងគាំទ្រតួអង្គឯកក្នុងរឿងនេះ គឺ «តេជោមាស» ដែលសម្តែងដោយ លោកព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ខណៈបានទទួលដំណឹងថា លោកព្រឹទ្ធាចារ្យ​បានទទួលមរណភាពក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។

បើតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា «សពរបស់លោក ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត នឹងដង្ហែចេញពីគេហដ្ឋាន ក្បែរវិទ្យាល័យបាក់ទូក ទៅកាន់​វត្តទឹកថ្លា នៅវេលាម៉ោង ០៣៖០០នាទី រសៀល នៅថ្ងៃទី១៦ ខែវិច្ឆិកា ២០១៨នេះ។ ដូច្នេះសម្រាប់បងប្អូនអ្នកសិល្បៈ អ្នកញាតិមិត្តជិតឆ្ងាយ ដែលបានជ្រាបនូវដំណឹងនេះហើយ សូមមេត្តាចូលរួមឲ្យបានច្រើន ដើម្បីជាការជូនដំណើរ លោកព្រឹទ្ធាចារ្យ​ថ្ងៃចុងក្រោយ»

សូមជម្រាបថា ជាមួយនឹងដំណឹងមរណភាព របស់លោកតា អ៊ុំ សាមិត្ត ពេលនេះ បានធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើន សម្តែងនូវសោកស្តាយ និងក្រៀមក្រំជាទីបំផុត ព្រោះបាត់បង់សិល្បករជើងចាស់មួយរូប ដែលជានិមិត្តរូបសម្រាប់អ្នកសិល្បៈជំនាន់ក្រោយ៕