(ភ្នំពេញ)៖ កម្មវិធី Cambodian Football Award រៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដើម្បីប្រគល់ពានរង្វាន់ផ្សេងៗជាផ្លូវការដល់ក្លឹបជយលាភី គ្រូបង្វឹកល្អ កីឡាករល្អ អ្នកចាំទីល្អ អ្នកបញ្ចប់ទីបានច្រើនជាងគេ ក្រុម Fair-Play សម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ឆ្នាំ២០១៨ រួមទាំងពានរង្វាន់លើកទឹកចិត្តអ្នកពាក់ព័ន្ធជាច្រើនទៀត នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះហើយ នៅមជ្ឈមណ្ឌល The Premier Center Sen Sok។

លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិរបស់ CNCC បានបញ្ជាក់ថា សម្រាប់ពានរង្វាន់ត្រៀមផ្ដល់ជូនល្ងាចនេះមានសរុប ២២ ដោយបែងចែកជា ៣ដំណាក់កាល ទី១-ពានរង្វាន់ពាក់ព័ន្ធការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨, ទី២-ពានរង្វាន់សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ និងទី៣ គឺពានរង្វាន់រៀបចំដោយ CNCC ដោយបែងចែកជា ២ផ្នែក ខណៈផ្នែកទី១ ផ្ដោតលើពានរង្វាន់ពិសេសចំនួន៥ សម្រាប់លើកទឹកចិត្តក្លឹប កីឡាករ និងកិច្ចខិតខំរបស់ភាគីពាក់ព័ន្ធ ឯផ្នែកទី២ មាន ៥រង្វាន់ដូចគ្នា ដែលកើតចេញពីការបោះឆ្នោតលើបណ្ដាញសង្គម។

ការចូលរួមកម្មវិធីនេះត្រូវទិញសំបុត្រ ដោយសំបុត្រ ១សន្លឹកមានតម្លៃ ១២,០០០រៀល ដែលបូកបញ្ចូលទាំងអាហារសម្រន់ ភេសជ្ជៈ និងការទស្សនានូវការប្រគំតន្ដ្រីដ៏ធំ ដោយមានការចូលរួមពីតារាចម្រើនល្បីៗជាច្រើន រួមមានលោក ឆន សុវណ្ណារាជ, លោក G-Davith, កញ្ញា ទេព បូប្រឹក្ស, កញ្ញា សុគន្ធ នីសា, លោក ហ្សូណូ, លោក វង្ស តារារតនា និងកញ្ញា វី ឌីណែត ជាដើម។ លើសពីនេះ CNCC ក៏មានអញ្ជើញតំណាងមកពីលីគកំពូលជប៉ុន J-League និងលីគកំពូលអេស្ប៉ាញ La Liga មកចូលរួមក្នុងកម្មវិធីនេះផងដែរ៕