(ភ្នំពេញ)៖ តារាសម្ដែងល្បីខាងក្បាច់គុណ និងបានអភិវឌ្ឍខ្លួន ក្លាយជាអ្នកដឹកនាំ សម្ដែងរឿងវ័យក្មេង លោក សុខ ដែន ថ្មីៗនេះ លោកបាន​បញ្ចេញខ្សែសាច់រឿងខ្លីមួយ បែបអប់រំ ដែលមានចំណងជើងថា «វិប្បដិសារី» ដើម្បីធ្វើការប្រកួតប្រជែង ក្នុងកម្មវិធីមហោស្រពភាពយន្តខ្នាតខ្លីថ្នាក់ជាតិលើកទី២ ដោយទទួលបាន​ការចាប់អារម្មណ៍ បើទោះបីជារឿងនេះ ពុំទទួលបានជយលាភីក្ដី។ ​យ៉ាងណាមិញ ទោះបីជាវីដេអូ​អប់រំខ្លី របស់លោក សុខ ដែន ដែលមានចំណងជើងថា «វិប្បដិសារី» មិនទទួលបាន​ពានរង្វាន់ក្ដី តែគេក៏នៅតែសង្កេតឃើញថា វីដេអូមួយនេះ បង្កប់ទៅដោយអត្ថន័យអប់រំខ្ពស់ ដែលធ្វើឲ្យមាន​ការគាំទ្រខ្លាំង​។

ជាការពិត រឿង «វិប្បដិសារី» និយាយពី​ជីវិតបុរសក្រីក្រម្នាក់ ដែលទទួលបានការមើលងាយ ស្អប់ខ្ពើម និងមិនឲ្យតម្លៃ ពីសំណាក់មនុស្សមួយចំនួន ថាជាក្មេងបាតសង្គម ទាំងដែលបុរសក្រីក្រម្នាក់នោះជាមនុស្សល្អ ចេះជួយទុក្ខធុរៈអ្នកដទៃ។ ចុងក្រោយនៃសាច់រឿងទាំងមូល បញ្ចប់ទៅដោយការសោកស្ដាយ និងមានវិប្បដិសារី ចំពោះការបាត់បង់បុរសម្នាក់នោះ។

តម្លៃអប់រំក្នុងសាច់រឿងមួយនេះ គឺចង់សម្ដៅលើមនុស្ស សូមកុំឆាប់វាយតម្លៃមនុស្ស ត្រឹមតែសំបកក្រៅ ជាពិសេសនោះ គឺត្រូវគិតឲ្យច្បាស់មុននឹង សម្រេចចិត្តធ្វើអ្វីមួយ កុំឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយ។ ចុងក្រោយនៃ សាច់រឿងទាំងមូល ត្រូវបានបញ្ចប់ទៅដោយការសោកស្ដាយ និង​ការមានវិប្បសារី ពេញមួយជីវិត ព្រោះតែការគិតខុសរបស់មនុស្ស​​ និងការសន្និដ្ឋានខុស៕