(ភ្នំពេញ)៖ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» អតីតបេក្ខនារីក្នុងកម្មវិធី «Cambodian Idol» រដូលកាលទី៣ កញ្ញា ឈាង សុវណ្ណាវី បានរៀបរាប់ នូវបទពិសោធចូលប្រឡងចម្រៀង និងជីវិតបច្ចុប្បន្នភាព ព្រមទាំងគម្រោងនាថ្ងៃអនាគតរបស់ខ្លួនជាច្រើន។ តាមរយៈការសាកសួររបស់ពិធីករ-ពិធីការិនី កញ្ញា ឈាង សុវណ្ណាវី បានថ្លែងប្រាប់ពីគោលបំណង និងមហិច្ឆតារបស់ខ្លួនថា ក្រៅពីអាជីពជាតារាចម្រៀង នាងមាន​ចង់ធ្វើជាតារាម៉ូឌែលទៀត ព្រោះរូបសម្រស់ និងកម្ពស់របស់នាង មានការអំណោយផល ពីធម្មជាតិចស្រាប់នៅផ្នែកនេះ​។

ជាការកត់សម្គាស់ តារាចម្រៀងសម្បុរស្រអែមបែបខ្មែរអង្គររូបនេះ ត្រូវបានគេកត់សម្គាល់ តាមរយៈបទសម្ភាសន៍របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ឃើញថា នាងមិនត្រឹមតែមានទឹកដមសំឡេង ពីរោះរណ្តំនោះទេ ថែមទាំងមានរូបសម្រស់ស័ក្តិសមជាតារាម៉ូឌែលទៀតផង។ ទន្ទឹមនឹងការលើកឡើងបែបនេះ ពីសំណាក់ទស្សនិកជន កញ្ញា ឈាង សុវណ្ណាវី ផ្ទាល់ក៏បានប្រាប់ដែរថា នាងចង់ធ្វើជាតារាសម្តែង តារាម៉ូឌែល ជាមុខរបរមួយចំនួន នាងថ្ងៃអនាគត ដោយមិនពឹងតែលើវិស័យចម្រៀង តែមួយផ្នែកនោះទេ។

ឈាង សុវណ្ណាវី បាននិយាយថា «ចា៎បង! ក្រៅពីតារាចម្រៀង នាថ្ងៃអនាគតខ្ញុំមានបំណងចង់ធ្វើជាតារាម៉ូឌែល តារាសម្តែង និងបើកហាងសាឡន ឬលក់អាវ។ កន្លងទៅខ្ញុំក៏ធ្លាប់បានសម្តែងភាពយន្តដែរ គឺរឿង ប៉ុបពីទៅហូលីវ៉ូត ហើយបើទោះបីជាអាជីពមួយនេះ មិនមែនជាជំនាញរបស់ខ្ញុំក្តី តែខ្ញុំព្យាយាមធ្វើទាល់តែបាន។ ការសម្តែងភាពយន្ត គឺ មានភាពលំបាកខ្លាំងណាស់ ព្រោះត្រូវសម្តែងតាមទឹកមុខ តួដែលខ្លួនត្រូវសម្តែង ពេលខ្លះចំតួកាច ពេលខ្លះក៏ចំតួស្លូត ដូច្នេះខ្ញុំត្រូវបន់បែនតាមកាលៈទេសៈ..!​»

នាងបន្តថា រឹតតែពិសេសជាងនេះទៅទៀត ដោយសារតែរូបសម្រស់ស្រស់ស្អាត និងកម្ពស់បានផងនោះ នាងក៏មានបំណងចង់ធ្វើជាតារាម៉ូឌែលផងដែរ។ តែយ៉ាងណាក្តី ទាំងនេះគ្រាន់តែជាគម្រោង និងក្តីស្រមៃរបស់​កញ្ញា ឈាង សុវណ្ណាវី នាថ្ងៃអនាគតប៉ុណ្ណោះ ខណៈបច្ចុប្បន្ននាងកំពុងអភិវឌ្ឍន៍ខ្លួន និងរកអ្វីដែលថ្មីៗប្លែក ក្នុងវិស័យចម្រៀង ដើម្បីកំដរអារម្មណ៍ទស្សនិកជន។

ងាកមករឿងស្នេហាវិ​ញ តារាស្រីរូបនេះ ហាក់មិនទាន់ខ្វល់ខ្វាយនៅឡើយទេ តែយ៉ាងណាអ្នកសិល្បៈតែងតែជួបនូវរឿងអាស្រូវនានា មិនថារឿងនោះពិត ឬមិនពិតនោះទេ។ ​នាងបានប្រកាន់ជំហរដ៏រឹងមាំថា បើខ្លួនសម្រេចចិត្តចូលសិល្បៈហើយ គឺត្រូវប្រឈមនឹងការរិះគន់ លើរឿងអាស្រូវទាំងនោះ។ លើសពីនេះ នាងបង្ហើបថា មិនធ្វើអ្វីប៉ះពាល់ដល់បុគ្គលដទៃ​ ដូចជា​យកប្តីគេ ឲ្យកើតមានរឿងអាស្រូវនោះទេ៕