(ភ្នំពេញ)៖​ ការប្រកួតកីឡាទាញព្រ័ត្រពានរង្វាន់ភូមិភាគ លើកទី២ បានបញ្ចប់ដោយ ក្រោយរកឃើញជើងខ្លាំងប្រចាំពានរង្វាន់ភូមិភាគរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញ ក្រោមវត្តមានចូលរួមពីលោកមាស សារិន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា។

យោងតាមរបាយការណ៍របស់គណៈកម្មការប្រកួត ព្រឹត្តិការណ៍នេះ បានធ្វើឡើងរយៈពេល ២ថ្ងៃ នៅរង្វង់មូលទេពមច្ឆា ខណ្ឌជ្រោយចង្វារ ដោយមានក្រុមបុរស-នារី ៨ក្រុមចូលរួមស្មើនឹងកីឡាករ-កីឡាការិនីសរុប ៨៩នាក់។ ជាលទ្ធផលផ្នែកបុរស មេដាយមាស បានទៅក្រុមក្រសួងការពារជាតិ, មេដាយប្រាក់ បានទៅក្រុមក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធ បានទៅអង្គការមិត្តសំឡាញ់ ។ រីឯផ្នែកនារី មេដាយមាស បានទៅក្រសួងការពារជាតិ មេដាយប្រាក់ បានទៅក្រុមក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធ បានទៅអង្គការមិត្តសំឡាញ់ដូចគ្នា។

ទន្ទឹមជាមួយគ្នាលោក មាស សារិន ចំពោះការខិតខំរបស់កីឡាករ-កីឡាការិនីម្នាក់ ដែលព្យាយាមប្រកួតដោយអស្ចារ្យពីសមត្ថភាព ដើម្បីជំរុញឲ្យការប្រកួតពានរង្វាន់ភូមិភាគរាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ។ មិនតែប៉ុណ្ណោះ លោកបានធ្វើការជំរុញដល់ក្រុមទាំងអស់ មិនថាក្រុមទទួលបានជ័យលាភី ឬអត់នោះទេ ត្រូវបន្ដការខិតខំបន្ថែមទៀត ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាទាញព្រ័ត្រកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺការបំផុសឲ្យមានការចូលរួមកាន់តែច្រើនពីសំណាក់យុវជនតែម្ដង។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ គឺជាភូមិភាគកូនពៅ សម្រាប់យុទ្ធនាការប្រកួតជ្រើសរើសជើងខ្លាំងតំបន់នីមួយៗ មកធ្វើការប្រកួតថ្នាក់ជាតិ ប្រចាំឆ្នាំនីមួយៗ ជាក់ស្ដែងសម្រាប់ក្រុមជ័យលាភី ក្នុងការប្រកួតកីឡាទាញព្រ័ត្រពានរង្វាន់ភូមិភាគរាជធានីភ្នំពេញ ក៏ដូចជាក្រុមជ័យលាភី ប្រចាំភូមិភាគផ្សេងៗទៀត ក្នុងឆ្នាំ២០១៨ សុទ្ធតែទទួលបានសិទ្ធចូលរួមប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯក ឆ្នាំ២០១៩ដូចគ្នា ដើម្បីចម្រាញ់បានក្រុមជើងខ្លាំង ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា នៅថ្ងៃខាងមុខ៕