(ភ្នំពេញ)៖ ខណៈដែលតារាចម្រៀងបែបយុវវ័យ លោក ងួន ចាន់ដេវីត បានស្ពាយបង្វេចចេញពីហង្សមាស ទុកឲ្យស្រីស្រស់ ទេព បូព្រឹក្ស នៅឯកោតែម្នាក់ឯងនោះ ត្រូវបានប្រភពបង្ហើបថា តារាចម្រៀង ទេព បូព្រឹក្ស អាចនឹងពិចារណាក្នុងចាកចេញ ពីផលិតកម្មហង្សមាស ដើម្បីទៅតាមគូស្នេហ៍ ក្រោយពេលបញ្ចប់កិច្ចសន្យា។ អ្វីដែលជាការចាប់អារម្មណ៍ និងធ្វើឲ្យមហាជនតាមដានរឿងរ៉ាវរបស់អ្នកទាំងពីរ គឺបន្ទាប់ពីប្រភពបានទម្លាយថា មានផលិតកម្មដ៏ធំមួយ កំពុងរបស់ចាំស្វាគមន៍រូបគេទាំងពីរ ក្នុងការមកចូលរួមក្នុងទ្រនំរបស់ខ្លួន ព្រោះតែសមត្ថភាព និងភាពល្បីល្បាញស្រាប់ ពោលគឺផលិតកម្ម ថោន នេះឯងដែលចាំទទួលដៃពីរ។
ទោះជាយ៉ាងណា តាមព័ត៌មានពីប្រភពអ្នកសិល្បៈដូចគ្នា បានបង្ហើបឲ្យដឹងថាទាំង ទេព បូព្រឹក្ស និងងួន ចាន់ដេវីត គឺផលិតកម្ម ថោន ពេញចិត្តសមត្ថភាពពួកគេដូចគ្នា ហើយបើគូសង្សារ១គូនេះ ចង់ចូលទៅថោននៅពេលណា ផលិតកម្មនេះរង់ចាំបើកទ្វារស្វាគមន៍ពួកគេជានិច្ច។ យ៉ាងណាមិញ ពេលនេះ ទេព បូព្រឹក្ស និង ដេវីត បានងាកមកពង្រឹងការរកស៊ីលក់ខោអាវ និងលក់ផលិតផលរក្សាសម្រស់ច្រើន ជាងផ្តោតទៅលើចម្រៀង។ ប៉ុន្តែបើការរកស៊ីនេះមិនទទួលបានផលចំណេញ ដូចការរំពឹងទុកនោះ គេជឿថា មិនយូរទេ ពួកគេច្បាស់ជាដឹកដៃគ្នាទៅចូលផលិតកម្មណាមួយទាំងគូ ជាមិនខានឡើយ នៅពេលដែលបូព្រឹក្ស ចប់កុងត្រាជាមួយហង្សមាស។
ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា ទេព បូព្រឹក្ស ហាក់បាត់ដៃស្តាំម្ខាងទៅហើយ នៅពេលនេះ ចំណែកក្រុមហ៊ុនហង្សមាស ដែលធ្លាប់ផ្តល់សេចក្តីទុកចិត្តលើរូបនាងនោះ ចាប់ផ្តើមដកទំនុកចិត្តបន្តិចម្តងៗវិញ គឺដោយសារតែដេវីត ដែលជាដៃគូបូព្រឹក្ស បាននៅក្រៅហង្សមាសទៅហើយ។ ហេតុនេះគេអាចធ្វើការសន្និដ្ឋានថា នៅពេលចប់កុងត្រា ជាមួយហង្សមាស ទេព បូព្រឹក្ស អាចនឹងពិចារណាដើរចេញពីផលិតកម្មធំនេះ តាមគូស្នេហ៍ជាមិនខានឡើយ។
ប៉ុន្តែយ៉ាងណា ងួន ចាន់ដេវីត បានអះអាងថា ទោះជាលោកចេញពីហង្សមាសមែន តែ ទេព បូព្រឹក្ស ដែលជាគូសង្សាររបស់ខ្លួន និងនៅតែបន្តការច្រៀងនៅហង្សមាស ជាធម្មតាដដែល ពោលគឺមិនបានចាកចេញដូចជារូបលោកទេ៕