(ភ្នំពេញ)៖ អតីតតារាកំប្លែងជើងចាស់ ដែលធ្លាប់​នាំ​សំណើច​ជូន​ទស្សនិកជន​សើច​សប្បាយរីករាយ គឺនាយ ក្តឹប បច្ចុប្បន្នកំពុងតែមានភាពលំបាកខ្លាំង ខណៈកាលពីយប់ថ្ងៃទី ១៨ ខែវិច្ឆិកា លោកត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីពេទ្យកាល់ម៉ែត និងខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ។ បើតាមប្រភពបានបង្ហាញថា មកទល់នឹងពេលនេះ នាយ ក្តឹប មិនទាន់ដឹងខ្លួននៅឡើយទេ បន្ទាប់ពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។

កូនស្រីរបស់អតីតតារាកំប្លែងរូបនេះ បានបង្ហោះហ្វេសប៊ុក ប្រាប់ពីស្ថានភាពជំងឺ របស់នាយ ក្តឹបយ៉ាងដូច្នេះថា «ពេលនេះគ្រួសារលោកតាក្ដឹប មានទុក្ខជាទម្ងន់ ព្រោះលោកតាក្ដឹប ឈឺធ្ងន់ កំពុងតែសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅបន្ទប់សង្រ្គោះបន្ទាន់ ពេលនេះមិនទាន់ដឹងខ្លួននៅឡើយទេ ពេលនេះគ្រួសារលោកតាក្ដឹប ខ្វះខាតថវិកា សូមបងប្អូនមេតាជួយដល់ក្រុមគ្រួសារគាត់ផង ជួយស៊ែរម្នាក់មួយ។ តារាកំប្លែងជើងចាស់ លោកតាក្ដឹប ហៅ (នាយក្ដឹប លេខផ្ទាល់លោកតាក្ដឹប (017310566 )(093931012) និង (087575809)»

តាមរយៈដំណឹង និងសារខាងលើនេះ បានធ្វើឱ្យមហាជនជាច្រើន សម្តែងនូវការអាណិតអាសូវ ដល់នាយ ក្តឹប ដែលជាតារាកំប្លែងជើងចាស់មួយរូប និងក្រុមគ្រួសារលោក ដែល​ខ្វះខាត​ថវិកា​ដើម្បី​ព្យាបាល ដល់ថ្នាក់បង្ខំចិត្ត​លើកដៃ​សុំ​ជំនួយ​ដល់​សិល្បករ​-​សិល្បការិនី​ទាំងអស់ ក៏ដូចជា​សប្បុរសជន​ទាំង​ក្នុង និងក្រៅប្រទេស ឱ្យជួបមេ​ត្ដា​ស្រោចស្រង់​អាយុជីវិត​ឪពុក​ខ្លួន​ផង ព្រោះ​ពេលនេះ​ជំងឺ​របស់​តារា​កំប្លែង​ខាងលើ ​កំពុងស្ថិត​ក្នុងស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ​៕