(ភ្នំពេញ)៖ ក្រុមគោព្រៃកម្ពុជានឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិឡាវនៅថ្ងៃអង្គារ ទី២០ ខែវិច្ឆិកាស្អែក នាម៉ោង ៦៖៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨។

ជាមួយគ្នានោះ កីឡាករ អ៊ន ចាន់ប៉ូលីន ដែលជាខ្សែបម្រើវ័យក្មេងរបស់ក្រុមជម្រើសជាតិ និងក្រុមភ្នំពេញក្រោនមានជំនឿជឿជាក់ក្នុងចិត្តថា ក្រុមរបស់ខ្លួននឹងធ្វើបានល្អ សម្រាប់ការប្រកួតជាមួយក្រុមឡាវនេះ។

ប៉ូលីន បាននិយាយទៀតថា «ការប្រកួតនៅថ្ងៃស្អែកនេះក្រុមកម្ពុជាមានសង្ឃឹមច្រើនក្នុងការដណ្តើមយកបីពិន្ទុ ពីក្រុមឡាវ ព្រោះកម្រិតលេងរបស់ក្រុមគឺប្រហាក់ប្រហែលគ្នា ហើយខ្ញុំសង្ឃឹមថាបងប្អូនអ្នកស្នេហាវិស័យបាល់ទាត់នឹងនៅតែបន្ត ការគាំទ្រក្រុមជម្រើសជាតិរបស់យើងតទៅទៀតដែរ»

គួរបញ្ជាក់ផងដែរថា ឆ្លងកាត់ការប្រកួតពីរលើកក្រុមគោព្រៃកម្ពុជាបានចាញ់ទាំង ២លើក ពោលគឺចាញ់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ១-០ និងចាញ់ក្រុមមីយ៉ាន់ម៉ា ៤-១។ សម្រាប់ពូល A នេះដែរ ក្រុមមីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ីមាន៦ពិន្ទុស្មើគ្នា៕