(បាងកក)៖ ទីក្រុងធំ ៗនៅជុំវិញពិភពលោក ទទួលរងនូវគ្រោះថ្នាក់ និង ការបំពុលបរិយាកាស យ៉ាងធ្ងន់ធ្ងរ ដែលចេញមកពីផ្សែងពុលនៃយានជំនិះ។ ក្នុងចំណោមតំបន់ទាំងអស់នៅប្រទេសថៃ ទីក្រុងបាងកក រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ប៉ុន្តែពេលនេះ រដ្ឋធានីប្រទេសថៃ មានគម្រោងមួយ សម្រាប់ការកត់បន្ថយខ្យល់កខ្វក់ក្នុងបរិយាកាស នៅទីក្រុងមួយនេះ ដែលគម្រោងថ្មីនេះមានឈ្មោះថា «Venice of the East» ដោយបង្កើតប្រព័ន្ធខ្សែសង្វាក់ដឹកជញ្ចូនអ្នកធ្វើដំណើរតាមផ្លូវទឹក នៅទីក្រុងបាងកក ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបណ្ដាលមកពីផ្សែងចេញពីយាន្តជំនិះ។
តាមការឲ្យដឹងពីភ្នាក់ងារសារព័ត៌មានចិន CGTN បាននិយាយថា ការជិះទូក អាចចំណាយពេលវេលាតិច ជាងផ្លូវគោក ហើយមានតម្លៃថោកជាង ផងដែរ។ ចំណាយ១០ ដុល្លារ សម្រាប់ការជិះកង់បី(តុកតុក) និង៣៥ សេន សម្រាប់ការជិះទូក នៅលើកន្លែងទូកចំឡង។ ទីក្រុងបាងកក មានព្រែកចំនួនប្រហែលជាង ១ពាន់ សម្រាប់ជិះធ្វើដំណើរទៅតំបន់នានា ដែលលោកអ្នកចង់ធ្វើដំណើរ ដោយមិនពិបាកក្នុងការជិះកកស្ទះចរាចរណ៍។
Chaovalit Metthayapraphat ជានាយកផ្នែកគ្រប់គ្រងក្រុមហ៊ុនគ្រួសារដឹកជញ្ចូន បាននិយាយថា ការធ្វើដំនើរ កកស្ទះចរាចរណ៍ គឺជាផលអាក្រក់មួយ សម្រាប់ទីក្រុងបាងកក។ ការធ្វើដំណើរតាមទូក គឺជាផលល្អមួយ និង សមស្របសម្រាប់អ្នកធុញទ្រាន់ ក្នុងការជិះយាន្តជំនិះ នៅលើផ្លូវគោក មិនសូវរញ៉េរញ៉ៃ និង អ៊ូរអរ ផងដែរ ដោយសារតែ គ្មានភ្លើងចរាចរណ៍ នៅតាមដងព្រែក។ ឥឡូវនេះ រដ្ឋាភិបាលប្រទេសថៃ បាននឹងកំពុងតែមានគម្រោងពង្រីកសេវាកម្មទូកនៅតាមដងព្រែកផងដែរ៕










