(ភ្នំពេញ)៖ បើទោះជាមានឈ្មោះជាតារាចម្រៀងកុងត្រារបស់ផលិតកម្មធំ គឺផលិតកម្មថោន ប៉ុន្តែតារាចម្រៀងសាច់សខ្ចី និងមានរូបសម្រស់ផូរផង់កញ្ញា ប៑េប៑ី មិនត្រូវបានផលិតកម្មនេះ បញ្ចេញបទចម្រៀងផ្លូវការឲ្យមហាជនបានដឹងឡើយ គឺទើបតែមុននេះប៉ុណ្ណោះ ដែលថោនបញ្ចេញបទរបស់នាងជាសាធារណៈក្រោមចំណងជើងថា «Be Me» ខណៈដែលបទចម្រៀងនេះ កំពុងកន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រ មិនសរសើរមិនបាន។

បទចម្រៀងបើកឆាករបស់កញ្ញា ប៑េប៑ី នៅលើផេកផ្លូវការរបស់ផលិតកម្មថោននេះ គឺគ្រាន់តែចង្វាក់ និងស្ទីលច្រៀង គឺធ្វើឲ្យអ្នកគាំទ្រភាគច្រើនជក់ចិត្តបាត់ទៅហើយ ខណៈដែលចង្វាក់របស់បទ «Be Me» របស់នាង ត្រូវគេស្រមៃភ្លាមៗថានាងនឹងបញ្ចេញក្បាច់រាំបានរស់រវើក ក្នុងពេលដែលនាងក៍ជាតារាស្រីដែលលេចធ្លោទាំងរូបសម្រស់ ទឹកដមសំលេង និងក្បាច់រាំយ៉ាងរំពើនគួរឲ្យទាក់ទាញរួចទៅហើយនោះ។

បទចម្រៀងមួយបទនេះ នឹងបញ្ចេញជា MV ក្នុងពេលឆាប់ៗ ដោយប្រភពពីខាងផលិតកម្មបានបង្ហើបថា កញ្ញា ប៑េប៑ី បានត្រៀមបញ្ចេញក្បាច់រាំ មិនណយនោះទេ ដើម្បីឲ្យបទចម្រៀងដំបូងរបស់នាងកាន់តែលេចធ្លោ។ ប្រភពផ្លូវការក៏បានព្រលយថា ផលិតកម្មថោន នឹងបញ្ចេញបទចម្រៀងបន្តបន្ទាប់ ដើម្បីជួយឲ្យនាងកាន់តែលេចធ្លោផងដែរ។

អ្នកគាំទ្រជាច្រើនលើកឡើងថា ត្រឹមតែមួយបទ «Be Me»តារាចម្រៀង កញ្ញា ប៑េប៑ី កន្រ្តាក់បានការចាប់អារម្មណ៍បានខ្ពស់បែបនេះទៅហើយ។ ដូច្នេះហើយទើបវត្តមានរបស់នាងនៅក្នុងផលិតកម្មថោន ធ្វើឲ្យគេមើលឃើញភ្លាមៗថា ថោនក្រសោបបានគ្រាប់ពេញបានក្នុងដៃ ក្នុងពេលដែលកញ្ញា ប៑េប៑ី ល្បីស្រាប់ហើយតាំងពីក្នុងនាមជាតារាចម្រៀងឯករាជ្យ។

ប្រសិនបើថោនប្រើយុទ្ធសាស្ត្រលើកស្ទួយតារាស្រីរូបនេះ ឲ្យមានបទល្អៗដូចជាបទ«Be Me» តែមួយប្រាវទៀត គឺមិនពិបាកទេ ពិតជាធ្វើឲ្យនាងលេចធ្លោដោយមិនបាច់រុញច្រើន។

ចង់ដឹងថា បទបើកឆាក«Be Me»ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះ ពិរោះ និងប្លែកត្រចៀកប៉ុណ្ណា សូមរីករាយស្ដាប់កម្សាន្តទាំងអស់គ្នា៖