(ភ្នំពេញ)៖ អ្នកច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗដ៏ល្បី រំដួលលិចទឹក បានចេញមុខបកស្រាយ ជុំវិញការចោទប្រកាន់ថា នាងបានយកលុយ ដែលបានមកពីសប្បុរសជននានា ដើម្បីកសាងសាលានៅខេត្តក្រចេះ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។ បន្ទាប់ពីដំណឹងនេះបានសុះសាយពេញបណ្តាញសង្កម ពេលនេះ រំដួល​លិចទឹក បានចេញមុខបកស្រាយថា ​ការចោទប្រកាន់នោះ គឺជារឿងយល់ច្រឡំ និងមិនពិតនោះទេ ដោយប្រកាន់ថា ទោះខ្លួនក្រក៏មិនធ្វើរឿងថោកទាបអ៊ីចឹងដែរ។

ជាក់ស្តែង ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ រំដួល​លិចទឹក បានធ្វើការបកស្រាយថា «នាងខ្ញុំ រំដួលលិចទឹក សូមធ្វើការបដិសេដចំពោះការចោទប្រកាន់ថា នាងខ្ញុំប្រើឈ្មោះសាលាក្រីក្រ មកប្រមូលថវិកា​ ដើម្បីប្រយោជន៍ខ្លួននោះ គឺជារឿងមិនពិតនោះទេ។ ការរៀបចំជួយសាលា គឺជាគំនិតនាងខ្ញុំផ្ទាល់ ដោយឃើញពីការលំបាកនោះ ទើបនាងខ្ញុំមានគំនិតចង់ជួយដល់សាលា ដែលជួបការលំបាកនោះ ហើយអ្វីដែលលើកឡើង យកមកចោទប្រកាន់នាងខ្ញុំនោះ គឺជារឿយល់ច្រឡំ និងមិនពិតនោះទេ ហើយនាងខ្ញុំប្រាប់ និងពន្យល់មូលហេតុ ដល់ខាងអ្នករៀបចំរួចរាល់តាំងពីយូរហើយដែរ ថាមូលហេតុអ្វីបានជាកើតរឿងអ៊ីចឹងកើតឡើង? ហើយនៅពេលនេះ មានរឿងនេះកើតឡើងចឹង នាងខ្ញុំសូមមិនបកស្រាយច្រើននោះទេ នាងខ្ញុំសូមរក្សារសិទ្ធក្រុមការងាររបស់នាងខ្ញុំ»

រំដួលលិចទឹកបន្តថា «​នាងខ្ញុំសូមបញ្ជាក់ថា លុយជំនួយ គឺមិនបានបាត់ទៅណាសូម្បី១រយរៀលនោះដែរ អ្វីដែលនាងខ្ញុំសន្យា គឺខ្ញុំមិនបានកុហកបោកប្រាស់អ្នកណានោះដែរ ខ្ញុំគោរពជូន ទាំងអស់​.. ដូចច្នេះសូមបងប្អូនម្ចាស់ជំនួយកុំមានការយល់ច្រឡំ ទោះខ្ញុំក្រក៏ខ្ញុំមិនធ្វើរឿងថោកទាបអ៊ីចឹងដែរ។ ​មួយវិញទៀត បើលោកអ្នកនិយាយថា ខ្ញុំប្រើឈ្មោះសាលា ដើម្បីប្រមូលថវិកា​បំរើប្រយោជន៍ខ្លួននោះ បើពិតមែនសូមអស់លោកចេញមុខមកបកស្រាយ ជាមួយខ្ញុំបានដោយក្តីគោរពពីនាងខ្ញុំ រំដួលលិចទឹក»

ទោះមានការចេញមុខមកបកស្រាយបែបនេះពី រំដួលលិចទឹក យ៉ាងនេះក្តី តែមកទល់នឹងពេលនេះ ហាក់មិនទាន់មានលិទ្ធផលសមគួរណាមួយ ឬមានដំណោះស្រាយ ដើម្បីបញ្ចប់រឿងនៅឡើយ​ ខណៈទស្សនិកជន និងម្ចាស់ជំនួយកំពុងរង់ចាំមើលថា តើនឹងមានដំណោះស្រាយបែបនេះ ចំពោះភាគីទាំងសងខាង គឺរំដួលលិចទឹក និងគណៈកម្មការសាងសង់សាលារៀនមួយកន្លែង ស្ថិតនៅភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ៕