(ភ្នំពេញ)៖ មហាជន ប្រាកដជាបានជ្រាបច្បាស់រួចមកហើយ ថាកាលពីជាងមួយឆ្នាំមុន តារាចម្រៀងនិងជាតារាសម្ដែង លោក យូ ឌីស្កូ បានដេក សម្រាកព្យាបាលអស់រយៈពេលជាច្រើនខែ នៅប្រទេសកម្ពុជា ប៉ុន្តែមិនជាសះស្បើយ ក្រោយមកក៏សម្រេចចិត្ត បញ្ចូនព្យាបាលបន្ត នៅប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាល វះកាត់ប្ដូរក្រលៀនថ្មី រហូតទទួលបានជោគជ័យ ក្រោមការជួយឧត្ថមពីសប្បុសជននានា ជាពិសេស គឺការជួយឧបត្ថម្ភថ្លៃព្យាបាលពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ ទន្ទឹមនឹងសុខភាពប្រសើរឡើងហើយនោះ ពេលនេះលោកបានបោះជំហានចូលសិល្បៈជាថ្មីហើយ ជាមួយនឹងទឹកមុខស្រស់ស្រាយ មានសាច់ឈាមជាមុនច្រើន ធ្វើឲ្យមហាជនរីករាយជំនួស ពេលឃើញលោក យូ ឌីស្កូ ប្រឡប់មកប្រសើរដូចដើមវិញ។

ជាការកត់សម្គាល់ ក្នុងឱកាសជិតរដូវភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យសាសនារបស់កម្ពុជានេះ មហាជនសង្កេតឃើញថា តារាចម្រៀងប្រុស លោក យូ ឌីស្កូ បង្ហាញទឹកមុខស្រស់ស្រាយ ជាមួយនឹងរូបរាងមានសាច់ឈាមជាមុនច្រើន ក្នុងរូបភាពប៉ុន្មានសន្លឹក ពេលទៅវត្តជុំគ្នាជាមួយសាច់ញាត់បងប្អូន។ ងាកមកការងារសិល្បៈវិញ មហាជនក៏សង្កេតឃើញថា លោកបាន​លេចមុខ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​បណ្តើរ​ៗ ព្រមទាំងមានវត្តមានចូលរួមកម្មវិធីសិល្បៈតូចធំជាញឹកញាប់ផងដែរ។ ទាំងនេះបង្ហាញថា ស្ថានភាពជំងឺរបស់លោកប្រសើរខ្លាំងជាងមុន ធ្វើឲ្យលោកមានកំលាំងកំហែង មានទឹកមុខរីករាយ សប្បាយចិត្ត ជាមួយនឹងវត្តមានក្នុងវិថីសិល្បៈជាថ្មី។

ពិតណាស់ តារាចម្រៀង និងជាតារាសម្តែងប្រុស លោក យូ​ ​ឌីស្កូ​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​សិល្បករមួយរូប​ដែល​មានសំណាង ​ព្រោះ​ទទួល​បានការ​ជួយ​ពី​សំ​ណា​ក់ស​ប្បុ​រ​ជន​ ជាពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ដែលមានចិត្តសន្តោសប្រពៃណី ផ្តល់ថវិកាចេញថ្លៃព្យាលបាលឱ្យលោកទាំងស្រុង មិនថាអស់ថ្លៃប៉ុន្មាន ដែលសកម្មភាពមនុស្សធម៌នេះ ប្រៀបបាននឹងការជួយស្រើចស្រង់ជីវិតរបស់លោក យូ ឌីស្កូ ឲ្យរស់រានជាថ្មី៕