(ភ្នំពេញ)៖ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ បានលើកពានលីគបាល់ទាត់ក្នុងសាលកម្ពុជាម្ដងទៀតហើយ បន្ទាប់ពីបានយកឈ្នះក្រុមឪម៉ាល់ ដោយលទ្ធផល ១១-៥ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីល្ងាចមិញ នៅទីលាន The Blue Sport។

ក្រោយរបូតពាន ១ឆ្នាំកាលពីឆ្នាំ២០១៨ ដោយទទួលបានត្រឹមជើងឯករង ក្រុម ស.ស.យ.ក ស្រុកកំចាយមារ ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់​ក្នុងសាលជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៩ នេះ ពិសេសវគ្គផ្ដាច់ព្រ័ត្រតែម្តង ដោយពួកគេបាននាំមុខឪម៉ាល់ ៥-១ នៅតង់ទី១ មុនបន្ថែម ៦គ្រាប់នៅតង់ទី២ ខណៈឪម៉ាល់ វាយបកបានត្រឹម ៤គ្រាប់ប៉ុណ្ណោះ។

ជ័យជម្នះនេះ បានធ្វើឲ្យ ស.ស.យ.ក ស្រុកកំចាយមារ ត្រឡប់ទៅលើកពានជាលើកទី២ បន្ទាប់ពីលើកពានលើកដំបូង កាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ទទួលបានត្រឹមជើងឯករងប៉ុណ្ណោះ។ ចំណែកក្រុមឪម៉ាល់ ទទួលបានជើងឯករង តែបើប្រៀបធៀបរដូវកាលមុន ពួកគេធ្វើបានល្អប្រសើរជាង គ្រាដែលឆ្នាំ២០១៨ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះ។

ចំពោះប្រាក់រង្វាន់ជយលាភី ក្រុមជើងឯក ស.ស.យ.ក ស្រុកកំចាយមារ ទទួលបានពាន១ អមដោយប្រាក់រង្វាន់ ២០លានរៀល និងក្រុមជើងឯករង ឪម៉ាល់ ទទួលបាន ១០លានរៀល។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្រុម Home Sport ទទួលបានប្រាក់រង្វាន់ ៦លានរៀល ក្រោយយកឈ្នះក្រុម Down Town ដោយលទ្ធផល ៦-៤ ខណៈ Down Town ទទួលបានប្រាក់រង្វាន់ ៤លានរៀល៕