(វ៉ាស៊ីនតោន)៖ លោកស្រី Jill Ellis អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ស្រ្តីអាមេរិក បានដឹកនាំក្រុមខ្លាំងនេះ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹងស្រ្តីកូរ៉េខាងត្បូង​ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជា ១ប្រកួត មុនលាលែងពីតំណែងជាគ្រូបង្វឹកជាផ្លូវការ។

គ្រូបង្វឹកសញ្ជាតិអាមេរិក ដែលបានកើតនៅអង់គ្លេស វ័យ ៥៣ឆ្នាំខាងលើនេះ ជាគ្រូបង្វឹកទី១ ដែលបានដឹកនាំក្រុមឈ្នះជើង FIFA Women World Cup ២សម័យជាប់គ្នា ពោលគឺក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះនៅប្រទេសទេសបារាំង គិតចាប់តាំងពីបានដឹកនាំក្រុមបាល់ទាត់ស្រ្តីអាមេរិកក្នុងឆ្នាំ២០១៤មក។

បន្ថែមលើនេះ Jill Ellis បានដឹកនាំក្រុមស្រ្តីអាមេរិកសរុបចំនួន ១៣២ប្រកួត ក្នុងនោះឈ្នះ១០៦ដង ស្មើ៧ដង និងចាញ់១៩ដង ជាមួយនឹងការឈ្នះពានផ្សេងៗបានចំនួន៨ ទៀតផង មុនពេលត្រូវបានបោះឆ្នោតជាប់ជាគ្រូបង្វឹកដឹកនាំល្អបំផុតប្រចាំឆ្នាំ២០១៩ របស់សហព័ន្ធ FIFA ថែមទៀតផង។

ការលាឈប់ពីគ្រូបង្វឹកនេះដែរ Jill Ellis នឹងកាន់តួនាទីជាទូតសុឆន្ទៈក្នុងក្រុមបាល់ទាត់ស្រ្តីអាមេរិកដដែលចាប់ពីឆ្នាំក្រោយទៅ ដូចដែលសហព័ន្ធកីឡាបាល់ទាត់អាមេរិក​ធ្លាប់ប្រកាសម្តងរួចមកហើយកាលខែកក្កដា ឆ្នាំ២០១៩ គ្រាដែលតំណែងគ្រូបង្វឹកនៅមិនទាន់ប្រកាសរកបានអ្នកថ្មីនៅឡើយទេ៕