(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀងប្រុសដ៏ល្បីរបស់ថៃ ដែលទស្សនិកជនស្គាល់ជាច្រើនតាមរយៈ សម្តែងជាតួឯកប្រុសក្នុងរឿង «ស្នេហាសន្យាគំនុំ» គឺលោក Dome Pakorn Lam កំពុងតែធ្វើឲ្យបណ្តាអ្នកគាំទ្រនៅកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបង្ហាញខ្លួនស្ងាត់ នៅទឹកដីសៀមរាបអង្គរបស់កម្ពុជា។

បើយោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា តារាថៃរូបនេះបានមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌មួយ ដែលរៀបចំដោយហាង​ពេជ្រ CHATEAU DES GEMS នៅលើទឹកដីខេត្តសៀមរាប។ ដែលកម្មវិធីសប្បុរសធម៌នេះ គឺធ្វើឡើងក្នុងគោលបំណងបរិច្ចាកថវិកាដែលបានមកពីការតាំងពិព័រណ៍ជួយដល់មន្ទីពេទ្យកុមារអង្គ ខេត្តសៀមរាប។

ទន្ទឹមគ្នានេះ ក្រៅពីចូលរួមក្នុងកម្មវិធីខាងលើ តារាប្រុសថៃលោក Dome Pakorn Lam ក៏បានធ្វើដំណើរកំសាន្តនៅប្រាសាទបុរាណជាច្រើន ក្នុងតំបន់រមណីយដ្ឋានអង្គវត្ត និងបានផ្តិតនូវរូបភាពស្អាតៗ បង្ហោះក្នុងបណ្តាញសង្គម បង្កការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។ តាមរយៈរូបភាពជាច្រើនសន្លឹក ដែលផ្តិតនៅអង្គវត្ត ត្រូវបានគេមើលឃើញថា ក្រៅពីបង្ហាញពីទេសភាពដ៏អស្ចារ្យនៅបរិវេណអង្គវត្តរបស់កម្ពុជាហើយនោះ តារាថៃ Dome Pakorn Lam ហាក់បង្ហាញពីអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត ជាមួយទឹកមុខញញឹម និងរាងដ៏សង្ហារ ធ្វើឲ្យសរសើរថានៅតែមានរាងសង្ហារដដែល។

យ៉ាងណាមិញ គេមិនទាន់ដឹងនោះទេ ថាតារាថៃរូបនេះ មានគម្រោងស្នាក់នៅប្រទេសកម្ពុជារយៈពេលប៉ុន្មានថ្ងៃនោះ ត្រឹមតែដឹងថាឆ្លៀតពេលមកកម្ពុជា លោកបានធ្វើដំណើរកំសាន្តទៅតំបន់ប្រាសាទបុរាណជាច្រើននៅទឹកដីអង្គ ដើម្បីផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍៕