(តេហេរ៉ង់)៖ អ្នកគាំទ្រជាស្រ្តី ត្រូវបានសហព័ន្ធបាល់ទាត់អុីរ៉ង់អនុញ្ញាតឲ្យចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានក្នុងជំនួប ដែលក្រុមម្ចាស់ផ្ទះអុីរ៉ង់ ប្រកួតទល់នឹងក្រុមជម្រើសជាតិកម្ពុជា នារាត្រីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងវគ្គសន្សំពិន្ទុនៃពូល C វគ្គជម្រុះ FIFA World Cup 2022។

អ្នកគាំទ្រជាស្រ្តីប្រមាណ ៣៥០០នាក់ បានទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់ជាលើកដំបូងនៅកីឡដ្ឋាន Azadi ដែលអាចផ្ទុកអ្នកទស្សនាសរុបបានចំនួន ៧៨០០០នាក់ គិតចាប់តាំងពីឆ្នាំ១៩៧៩ មក ដោយសារវិបត្តិសាសនាអុីស្លាម។

គួររំលឹកផងដែរ ក្រោយពីមានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់អុីរ៉ង់ ដោយមានការឯកភាព ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងពី FIFA និងអង្គការអន្តរជាតិផងនោះ សំបុត្រសម្រាប់ស្រ្តីត្រូវបានលក់អស់គ្មានសល់តែប៉ុន្មាននាទីប៉ុណ្ណោះ ដែលជាការប្រកួតក្នុងដីលើកដំបូងរបស់អុីរ៉ង់ សម្រាប់វគ្គជម្រុះដើម្បីប្រជែងកៅអីទៅ World Cup 2022 នៅប្រទេសកាតាផងដែរ។

ការអនុញ្ញាតឲ្យស្រ្តីចូលបាល់ទាត់ ក៏ធ្វើឡើងក្រោយពេលប្រទេសអារ៉ាប៊ីសាអូឌីត អនុញ្ញាតឲ្យស្រ្តីចូលបាល់ទាត់កាលពីឆ្នាំទៅផងដែរ ដើម្បីលើកតំកើង​សិទ្ធិស្រ្តីនៃប្រទេសនេះស្មើនឹងបុរស ដោយទទួលរងវិបត្តិខ្មៅងងឹតដោយសារសាសនាអុីស្លាមជាច្រើនឆ្នាំមកនេះដូចគ្នា៕