(ម៉ានីល)៖ វិញ្ញាសាកីឡាបាល់ទាត់បុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ដែលហ្វីលីពីន ត្រៀមធ្វើម្ចាស់ផ្ទះនាចុងឆ្នាំនេះ ត្រូវបានដំណើរការ​ចាប់ពូលប្រកួតរួចហើយ ខណៈក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានស្ថិតក្នុងពូល A ជាមួយគូប្រជែង ៤ប្រទេសផ្សេងទៀតរួមមានក្រុម U-22 ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។

ពិធីចាប់ឆ្នោតបែងចែកពូលនេះ បានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលពីន នាព្រឹកថ្ងៃទី១៥ ខែតុលានេះ ដោយមានការចូលរួមពីគណៈកម្មការរៀបចំស៊ីហ្គេម និងតំណាងប្រទេសក្នុងតំបន់អាស៊ានចូលរួម គ្រាដែលកម្ពុជាត្រូវបានអញ្ជើញចូលរួមធ្វើជាសាក្សីដោយមន្ដ្រីស្ថានទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាប់របស់មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ជាមួយលទ្ធផលចាប់ឆ្នោតវិញ្ញាសាបាល់ទាត់នេះដែរ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A គឺគេឃើញពូល B មានរហូតដល់ ៦ក្រុម រួមមានក្រុមការពារតំណែងជើងឯកថៃ វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ និងប្រ៊ុយណេ។ ចំពោះវិញ្ញាសាបាល់ទាត់នេះដែរ គ្រោងនឹងចាប់ផ្ដើមការប្រកួតមុនគេ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ស្របពេលពិធីបើកការប្រកួត នឹងធ្វើឡើងនៅថ្ងៃទី៣០-វិច្ឆិកា និងពិធីបិទធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕