(ឌូបៃ)៖ កីឡាករខ្សែប្រយុទ្ធ Paul Pogba ត្រូវបានគេឃើញជួបពិភាក្សាគ្នាជាមួយ Zinedine Zidane ដែលជាអ្នកចាត់ការទូទៅនៃក្លឹប Real Madrid នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅក្នុងសន្និបាតកីឡាបាល់ទាត់ក្នុងសប្តាហ៍នេះ។

ទាំង Pogba និង Zidane ត្រូវបានគេអញ្ជើញក្នុងនាមជាភ្ញៀវកិត្តិយស ក៏ដូចជាធ្វើបទតថកថា ដែលនិយាយពីបទពិសោធន៍កីឡាបាល់ទាត់នៅទីនោះ។

យ៉ាងណាក៏ដោយ អ្នកគាំទ្រមិនសប្បាយចិត្តឡើយ ក្រោយពេលទទួលដំណឹងនេះ ដ្បិតសមាជិកឈ្នះជើងឯក World Cup 2018 ជាមួយបារាំងរូបនេះ កំពុងត្រូវបាន Real Madrid តាមទិញម្តងរួចមកហើយកាលពីរដូវកាលដោះដូរកីឡាករនាខែកក្កដាកន្លងទៅ ហើយក៏ជាកីឡាករលេងនៅតំបន់កណ្តាលដែល Man Utd មិនអាចខ្វះបានផងដែរ។

ថ្មីៗនេះដែរ កីឡាករវ័យ ២៦ឆ្នាំ Pogba ក៏ធ្លាប់ប្រលយពាក្យចង់លេងឲ្យ Real Madrid ផងដែរ និងតែងតែបានជួប Zidane ជាញឹកញាប់ក្នុងកម្មវិធីផ្សេងៗ ហើយក៏បាននិយាយថា «ខ្ញុំចូលចិត្ត Zidane ហើយ Zidane វិញ ក៏ចូលចិត្តខ្ញុំវិញដូចគ្នា»