(ភ្នំពេញ)៖ តារាសម្តែងប្រុសស្រស់សង្ហា លន់ គឹមហឹង ហៅ Kimsanuk កាន់តែធ្វើឲ្យមិត្តរួមអាជីព និងអ្នកគាំទ្រ កោតសរសើរជាថ្មី ក្រោយពីលោកបានពង្រីក​ហាងលក់ផលិតផលថែរក្សាសម្រស់ថ្មីមួយបន្ថែមទៀត។ ការប្រកាសហាងថ្មីនេះធ្វើឡើង កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះនៅផ្លូវ Silver ខាងជើងផ្សារទំនើបសុវណ្ណាក្រោមវត្តមានសិល្បករជាច្រើនរូបចូលរួម។

Kimsanuk ត្រូវបានទស្សនិកជនជាច្រើនបានស្គាល់តាមរយៈការសម្តែងភាពយន្ត ឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញម៉ូត ជាដើម។ ក្រៅពីការងារសិល្បៈ​ តារារូបនេះក៏ត្រូវបានគេចាត់ចូលក្នុងចង្កោមតារា ដែលមានជំនួញជោគជ័យក្នុងដៃផងដែរ។ តារាសម្តែងវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថា ផ្តើមពីការសាកល្បងលក់តាម Online កាល​ពីឆ្នាំ២០១៧ មុខរបរក្រៅសិល្បៈរបស់លោករីកចម្រើនខ្លាំង រហូតលោកបើកដំណើរការហាងមួយនៅម្តុំតំបន់ផ្សារដើមថ្កូវ ហើយពេលនេះលោកបានពង្រីកហាងថ្មីមួយបន្ថែមទៀត ដែលបានប្រកាសបើកដំណើរការជាផ្លូវការនៅពេលនេះ។

តួប្រុសក្នុងរឿង «គ្រូពេទ្យខ្ញុំ» រូបនេះ បញ្ជាក់ថា ជាផលិតផលមានការទទួលស្គាល់ពីក្រសួងសុខាភិបាលប្រទេសថៃ និងកម្ពុជា និងផលិតក្រោមស្តង់ដាត្រឹមត្រូវមិនប៉ះពាល់ដល់សុខភាព Nature Top ផលិតផលសម្រាប់ថែទាំផ្ទៃមុខ និងដងខ្លួន ទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ ។

លោកបន្តថាប្រសិទ្ធភាព និងទំនុកចិត្តបានធ្វើឲ្យការលក់របស់លោកាន់តែរីកចម្រើន ហើយការបើកដំណើរការហាងថ្មីនេះចាយទុនមុនក្រោម ៤ម៉ឺនដុល្លារអាមេរិកឡើយ។ លោក​ថាកាលពីឆ្នាំមុននេះ លោកធ្លាប់បានទទួលពានរង្វាន់ក្នុងការលក់ផលិតផលដាច់បំផុត លើសការកំណត់ពីកម្មវិធីមួយនៅប្រទេសថៃ ដែលមានបណ្តាអ្នកលក់ផលិតផលពីកម្ពុជា និងថៃចូលរួមប្រកួត។ បើទោះបីជារវល់នឹងការពង្រីកមុខជំនួញថ្មីក៏ពិតមែន ក៏លោកនៅតែមិនបោះបង់ការងារសិល្បៈចោលនោះដែរ។ លោកថា​ការងារសិល្បៈជាការងារដែលលោកពេញចិត្ត និងក៏ជាផ្នែកមួយជួយជំរុញឲ្យអតិថិជនលោកកាន់តែស្គាល់មុខជំនួញនេះផងដែរ។

លោករំពឹងទុកថា ការបើកដំណើរការហាងថ្មីនេះនឹងកាន់តែជំរុញអាជីវកម្មរបស់លោកកាន់តែប្រសើរ និងមានទំនុកចិត្តកាន់តែខ្លាំងពីអ្នកគាំទ្រ៕