(ព្រះសីហនុ)៖ ខណៈដែល​ជំនួញរកស៊ី កាន់តែមានអតិថិជនគាំទ្រ​ច្រើន​ អតីតតារាចម្រៀង ម៉ូលីកា ដែលគេដឹងថា មុខជំនួញនាងកាន់តែកាក់កប ក៏ដោយសារតែមានបុគ្គលិកឆ្នើមៗ ធ្វើការឲ្យនាងដែរនោះ បានដឹកនាំបុគ្គលិកជាច្រើននាក់ទៅជប់លៀង និងដើរលេងកម្សាន្ដនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែតុលានេះ ធ្វើឲ្យពួកគេរីករាយយ៉ាងខ្លាំង ព្រោះតែមានថៅកែស្រីស្អាត ហើយចិត្តល្អថែមទៀតផង។​

តារាចម្រៀង ម៉ូលីកា បានអះអាង​ថា នាងជោគជ័យខ្លាំងជាមួយការលក់គ្រឿង Cosmetic នេះ រហូតដល់ដាច់ស្ដុកតែម្ដង។ ដោយឡែក ការទៅដើរលេង​នៅឆ្នេរកោះរ៉ុង នៅពេលនេះ ក្រៅពីនាំបុគ្គលិកទៅទ្រង់ទ្រាយធំនោះ នាងក៏បណ្ដើរគូស្នេហ៍ប្រុសសង្ហាឆានុន ទៅជាមួយផងដែរ ដែលធ្វើឲ្យចំណងស្នេហារបស់ពួកគេ កាន់តែរឹងមាំថែមទៀត។

ម៉ូលីកា អតីតតារាចម្រៀងផលិតកម្ម Rock បានផ្អាកពីអាពសិល្បៈ ​មកបើកហាង Cosmetic ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ ក្រោយពេលដែលនាងផ្ដើមពីទុន​ត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ រកស៊ីលក់ជើងមាន់តាម Online។ នាងជាអ្នកលក់ឡេតាម Online ដ៏លេចធ្លោម្នាក់ ហើយត្រូវបានមហាជនសរសើរនូវទឹកចិត្តថា ជាថៅកែស្រីស្អាតនិងចិត្តល្អផងដែរ ព្រោះកន្លងមក ម៉ូលីកា តែងតែបង្ហាញសកម្មភាពសប្បុរសធម៌ ជួយដល់សិល្បករដែលជួបការទីទ័លក្រលំបាកខ្លាំង ទាំងថវិកានិងសម្ភារៈ។

​ថ្មីៗនេះដែរ ម៉ូលីកា ទើបតែយករថយន្ដសំណព្វចិត្តរបស់នាង ម៉ាក Range Rover 2015 ពណ៌ស ដែលជួសជុសអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ ក្រោយរងការខូចខាតមួយចំហៀងខាងស្ដាំ ដោយសារតែត្រូវក្មេងប្រុសអាយុ១៣ឆ្នាំ បើកម៉ូតូដឹកលៀសហាលបុកពេញទំហឹងទ្វារខាងស្ដាំ នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ប៉ុន្តែម៉ូលីកា មិនបានទាមទារប្រាក់សំណង១សេន ពីក្រុមគ្រូសារក្មេងនោះឡើយ។

ទាក់ទងអាជីពចម្រៀងវិញ តារាដែលខកខានកាន់ក្បាលមីក្រូឡើងឆាកជាច្រើនខែ ព្រោះរវល់មុខជំនួញរូបនេះ អះអាងថា នាងមិនបោះបង់អាជីពចាស់ទេ គឺគ្រោងធ្វើបទចម្រៀងថ្មីៗ ដោយចំណាយប្រាក់ផ្ទាល់ខ្លួន នាពេលខាងមុខនេះ៕