(ចិន)៖ ក្នុងចំណោមទីក្រុងទាំងម្ភៃនៃប្រទេសចិន ដែលឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញអំពីការលេចធ្លោ ចំពោះប្រទេសចិនដោយក្នុងនោះមានរហូតដល់ទៅប្រាំពីរទីក្រុងឯណោះ ដែលបានរាប់បញ្ចូលរួមមានដូចជាទីក្រុង សៀងហៃ ឆុងឈីង ប៉ៃជីង ស៊ូចូវ គ័ងចូវ ណានជីង និងចុងក្រោយនោះគឺទីក្រុងស៊ីអាន។ នេះបើយោងតាមរបាយការណ៌ សារព័ត៌មាន GTN នៅថ្ងៃ ៣០ តុលា ២០១៩។

ក្នុងរយៈពេលបួនទសវត្សចុងក្រោយនេះគេសង្កេតឃើញថា សន្ទុះនៃប្រជាជនប្រទេសចិនបានកើនឡើងប្រមាណជាង ៦៥០លាននាក់ឯណោះ ដែលចំនួនតួលេខនេះ​បានកើនឡើងចាប់ពីឆ្នាំ ១៩៧៨ សរុប ១៧១លាននាក់ ឆ្ពោះយ៉ាងលឿនរហូតដល់ ៨០០លាននាក់ នៅឆ្នាំ២០១៧ ដែលធ្វើឱ្យប្រទេសនេះជាប់ងារថា ជាប្រទេសដែលមាននគរូបនីយកម្មយ៉ាងឆាប់រហ័ស មិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ។ ស្ថិតក្រោមស្ថានភាពនេះបង្ករឱ្យមានការប៉ាន់ប្រមាណណ ពីស្ថិតិនៃអត្រានគរូបនីយកម្មរបស់ប្រទេសចិននាពេលអនាគត កំឡុងឆ្នាំ២០៣៥ ថាអាចនឹងមានលទ្ធភាពឆ្ពោះដល់ទៅ ៧០ភាគរយ នៃស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន ដែលលទ្ធផលកំណត់ឱ្យឃើញថាចំនួនប្រជាជនប្រមាណជាង ១ពាន់លាន នឹងមានវត្តមានលើទឹកដីប្រទេសចិន។

ការឈានជើងនៃនគរូបនីយកម្មរបស់ប្រទេសចិនបង្កើតបានជាផ្លែផ្កាពាសពេញពិភពលោក ដោយជ្រើសអនុវត្តវិធីប្រកបដោយឥទ្ធិពលលើគ្រប់វិស័យ។ នគរូបនីយកម្ម​គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញអូសទាញប្រជាជនរហូតដល់ ៧០០លាននាក់ (ចៀសផុតចាកឆ្ងាយពីភាពក្រីក្រ។ ផ្នែកនេះជាចំណែកយ៉ាងសំខាន់ ដែលសម្រេចមកវិញនូវអត្ថប្រយោជន៍ជាច្រើនរួមមានការងារ និងប្រាក់ចំណូលជូនមនុស្សជាតិ។ ការបន្តអនុវត្តទង្វើទាំងអស់នេះត្រូវបានគេជឿថា ប្រទេសចិននឹងមានឱកាសទាំងស្រុងក្ដោបក្ដាប់នូវងារថា ជាប្រទេសនាគទាំងពេលបច្ចុប្បន្ននិងនាពេលអនាគត។ លើសពីនេះទៅទៀតសេដ្ឋកិច្ចក្រុងធំៗទាំងអស់លើពិភពលោក ចំនួន ៣០០ ដែលក្នុងនោះកម្មសិទ្ធិប្រទេសចិនមានរហូតដល់ទៅមួយភាគបីគឺសរុប ១០៣កន្លែងឯណោះ រាប់មកទល់ពេលនេះបើប្រៀបនឹងចន្លោះឆ្នាំ២០១៤ ដែលមានវត្តមានក្រោម ៥០កន្លែងប៉ុណ្ណោះ។

តាមប្រភពខាងលើក៏បានឱ្យដឹងផងដែរថា ចំនួនផលិតផល​ក្នុង​ស្រុក​នៃប្រទេសនាគនេះសរុបជាទឹកប្រាក់ ២០,០០០ដុល្លាសហរដ្ឋអាមេរិច ក្នុងចំណោមទីក្រុងនីមួយៗនៃប្រទេសទាំងអស់ ដែលជាហេតុធ្វើឱ្យវិទ្យាស្ថានមីលខេនដែលមានមូលដ្ឋាននៅកាលីហ្វ័រញ៉ា ធ្វើការសិក្សាជ្រាវប្រចាំឆ្នាំសន្មត់វិនិច្ឆ័យចំណាត់ថ្នាក់យ៉ាងពិសេស ចំពោះរាជធានីនៃខេត្តស៊ីឈ័ន ដែលមានឈ្មោះថា ឈឹងឌូ ដោយចាត់ទុកជាមជ្ឈមណ្ឌលដឹកជញ្ជូន និងទំនាក់ទំនងវប្បធម៌សេដ្ឋកិច្ចដ៏មានសក្ដានុពលសំខាន់បំផុត នៅភាគខាងលិចប្រទេសចិន។ កំឡុងពេលជាមួយគ្នានេះដែរ តំបន់ស៊ិនចិននៃខេត្តគ័ងដុងក៏បានទទួលនូវចំណាត់ថ្នាក់លេខ២ ដែលផ្ដល់បានពីវិទ្យាស្ថានមីលខេនដូចគ្នាថា ជាមាតាគំនិតច្នៃប្រឌិតខ្ពស់ក្នុងវិស័យសេដ្ឋកិច្ចជូនដល់ប្រទេសជាតិ។ អ្វីដែលកាន់តែពិសេសនោះរាជរដ្ឋាភិបាលចិនបានផ្ដល់ទំនុកចិត្ត ដោយប្រគល់នូវបេសកកម្មដ៏ឱឡារឹកនៃការកសាងទីក្រុងគំរូនៃពិភពលោក ដែលនឹងលេចជារូបរាងសមិទ្ធិផលដ៏អស្ចារ្យទៅកាន់តំបន់ស៊ិនចិន ។

ប្រទេសចិនក៏ទទួលបាននូវការអបអរសាទរជាសកល ចំពោះការអនុវត្តកម្មវិធីនគរូបនីយកម្ម ដែលមានបញ្ចូល និងចីរភាពដែលរួមចំណែកជាវិជ្ជមានដល់គោលដៅអភិវឌ្ឍន៍របស់ខ្លួន និងទទួលស្គាល់យ៉ាងពិតប្រាកដទៀតផងពីលោក joseph stiglitz ដែលជាម្ចាស់ពានរង្វាន់ណូបែល និងជាសេដ្ឋវិទូដ៏គួរឱ្យគោរព បានប្រកាសចាត់តាំងប្រទេសចិនថា ជាកម្លាំងមួយក្នុងចំនោមកម្លាំងសំខាន់ៗមួយចំនួន ដែលធ្វើឱ្យពិភពលោកមានសក្ដានុភាពបំផុតនៅសតវត្សរ៍ទី២១ ៕