(ភ្នំពេញ)៖ តារាសម្តែង និងជាតារាម៉ូដែលប្រុសរូបសង្ហា លោក ទ្រី តារាវុធ ថ្មីៗនេះ ត្រូវបានអ្នករៀបចំកម្មវិធីបង្ហាញម៉ូតដ៏ធំ នៅហ្វីលីពីន អញ្ជើញឲ្យទៅចូលរួមប្រកួតក្នុងកម្មវិធី «Global Asian Model» នៅប្រទេសហ្វីលីពីន។ ការអញ្ជើញទៅចូលរួមពេលនេះ បន្ទាប់ពី ទ្រី តារាវុធ មានភាពលេចធ្លោរខ្លាំង ក្រោយចូលរួមបង្ហាញសមត្ថភាព ក្នុងកម្មវិធី «Man Of The Year» នៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅ។

ពាក់ព័ន្ធនឹងដំណឹងនេះ លោក ទ្រី តារាវុធ បានថ្លែងប្រាប់ Fresh News និង Khmer Talking ថា លោកនឹងចេញដំណើរពីកម្ពុជាទៅហ្វីលីពីន ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីខាងលើក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកពិតជាសប្បាយចិត្ត ដែលទទួលបានឱកាសថ្មី ពីផលិតករនៃកម្មវិធីខាងលើតាមរយៈ Arise Agency។ បច្ចុប្បន្នលោកកំពុងធ្វើការហ្វឹកហាត់លើជំនាញសិល្បៈមួយចំនួន ពិសេសការបង្ហាញម៉ូត និងការថែទាំសុខភាពជាដើម។

ទ្រី តារាវុធ បន្តថា លោកនៅមិនទាន់ដឹងលំអិតទេ ថាតើនឹងមានបេក្ខភាពតារាបង្ហាញម៉ូតមកពីបណ្តាប្រទេសណាខ្លះចូលរួម ប៉ុន្តែលោកថានៅតែតាំងចិត្ត និងព្យាយាមក្នុងការចូលរួមកម្មវិធីនេះ ពិសេសនាំយកអ្វីដែលជាអត្តសញ្ញាណខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិនោះ។ លោកក៏អរគុណសម្រាប់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ទស្សនិកជនផងដែរ។

គួរបញ្ជាក់ថា លោក ទ្រី តារាវុធ បានក្លាយជាបុរសទី១នៅកម្ពុជា ដែលទទួលបានឱកាសចេញទៅចូលរួមប្រកួតផ្នែកសម្រស់ព្រឹត្តិការណ៍ប្រកួត «Man Of The Year» ប្រចាំឆ្នាំ២០១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីខែកញ្ញាកន្លងទៅ។ ដោយក្នុងនោះលោកទទួលបានពានរង្វាន់ ញញឹមស្រស់ស្អាតបំផុតមួយពីកម្មវិធី ហើយក្រៅពីការបង្ហាញម៉ូតនេះ លោកក៏ជាតារាសម្តែងមានប្រជាប្រិយ ដែលធ្លាប់ទទួលបានការគាំទ្រច្រើនពីទស្សនិកជន តាមរយៈការសម្តែងភាពយន្តជាច្រើន និងការងារជាពិធីករផងដែរ៕