(ភ្នំពេញ)៖ តាមការចេញសេចក្តីប្រកាសរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងនាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រកាសអំពីតម្លៃសំបុត្រសម្រាប់អ្នកគាំទ្រទិញចូលរួមទស្សនាការប្រកួតផ្ទាល់ ក្នុងការចូលរួមគាំទ្រអត្តពលិកកីឡាករ-កីឡាការិនី ដែលមាន ៤៩ប្រទេសប្រជែងយកមេដាយនៃព្រឹត្តិការណ៍ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តី លើកទី១៧ និងចាប់ផ្តើមបើកការប្រកួតនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះតទៅ។

ប្រភេទតម្លៃសំបុត្រពិសេស សម្រាប់បងប្អូនកម្ពុជា ១៥០០០រៀល
» សំបុត្រធម្មតាសម្រាប់បងប្អូនកម្ពុជា ៥០០០រៀល
» សំបុត្រពិសេសសម្រាប់ភ្ញៀវបរទេសតម្លៃ ១៥ដុល្លារ
» សំបុត្រធម្មតាសម្រាប់ភ្ញៀវបរទេស តម្លៃ ៥ដុល្លារ។

សម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិនេះ ក៏ជាការប្រកួតដ៏ស្វិតស្វាញរបស់កីឡាករ-កីឡាការិនីកម្ពុជា ហើយក្នុងនោះសម្រាប់អ្នកស្រី កែ ឡេង ក៏មានភារកិច្ចក្នុងការប្រជែងការពារតំណែងជើងឯករបស់អ្នកស្រី បន្ទាប់ឈ្នះជើងឯកកីឡាប៉េតង់កម្រិតពិភពលោក ៣លើកមកហើយ ខណៈនឹងមានក្រុមកីឡាករ-កីឡាការិនីជើងខ្លាំងជុំវិញពិភពលោកចំនួន ៤៩ប្រទេស (រួមទាំងម្ចាស់កម្ពុជា) បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏ធំនេះដែលនឹងបញ្ចប់ការប្រកួតនៅថ្ងៃទី២៣ ខែដដែល៕