(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូលីងកម្ពុជា ត្រូវបានបង្កើតជាផ្លូវការហើយ បន្ទាប់ពីទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកៀងគរការប្រមូលផ្ដុំ និងអភិវឌ្ឍន៍កីឡាមួយនេះឲ្យរីកចម្រើន សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាពេលខាងមុខ។

យោងតាមមហាសន្និបាតបង្កើតសហព័ន្ធអាណត្តិទី១ ឆ្នាំ២០១៩-២០២៤ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានារសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ សមាជិកប្រតិបត្តិ ដែលត្រូវបោះឆ្នោតធ្វើជាក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ គឺមានលោក លី សៀងហុង ជាប្រធាន, លោក អ៊ុក សិទ្ធិជាតិ និងលោក ជី សិលា អនុប្រធាន, លោក ឆាយ កៀក អគ្គលេខាធិការ, លោក សុខ អាង អគ្គលេខាធិការរង, លោក យុន វង្សីនី អគ្គហេរញ្ញឹក ខណៈលោក រ៉ាត់ ស៊ូឌីណា, កញ្ញា រុន សុភាវី និងកញ្ញា ឃួន ស្រីមុំ ជាសមាជិក។

ថ្លែងក្នុងឱកាសនោះលោក អ៊ុក សិទ្ធិជាតិ បានគូសបញ្ជាក់ថា ការបង្កើតសហព័ន្ធថ្មីនេះ គឺសបញ្ជាក់ឲ្យឃើញភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ រួមទាំងវិស័យកីឡាផងដែរ ជាក់ស្ដែងកីឡាប៊ូលីង ទោះបីពីមុនមិនទាន់មានសហព័ន្ធ តែក៏មានក្លឹប និងមានកីឡាករ-កីឡាការិនីជាច្រើនលេងកីឡានេះដែរ។ ហេតុនេះ ក្រោយបង្កើតជាសហព័ន្ធ លោករំពឹងនឹងចងក្រងជាគ្រួសារកីឡាប៊ូលីងដ៏រឹងមាំមួយ ទាំងរចនាសម្ព័ន្ធ និងក្លឹបជាសមាជិក ពិសេសកីឡាករ-កីឡាការិនី ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ។

ដោយឡែកលោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ដោយសារសហព័ន្ធទើបកកើតថ្មី ដូច្នេះការងារ ចំពោះមុខ គឺសហព័ន្ធធ្វើយ៉ាងណាខិតខំពង្រឹងរចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសក្រោយទទួលបានលិខិតទទួលស្គាល់ផ្លូវការពីក្រសួងអប់រំ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធនឹងបន្ដធ្វើការងារជាមួយសហព័ន្ធកីឡាប៊ូលីងអន្ដរជាតិ ដើម្បីពង្រឹងការងារសហព័ន្ធឲ្យកាន់តែមានប្រសិទ្ធភាព និងវឌ្ឍនភាពរបស់កីឡាប៊ូលីងកម្ពុជានៅថ្ងៃអនាគត៕