(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេងកញ្ញា សុវត្ថិឌី ធារីកា បន្ទាប់ពីក្លាយខ្លួន ទៅជាតារាចម្រៀងក្នុងផលិតកម្មថោន គេសង្កេតឃើញ នាងបានបញ្ចេញបទចម្រៀងដំបូងរបស់ខ្លួន ជាបន្តបន្ទាប់ ហើយថ្មីៗនេះបទ «ជីវិតអ្នកធាក់ស៊ីក្លូ» ខណៈដែលចម្រៀងមួយបទនេះ បង្ហាញពីជិវិតដ៏លំបាករបស់អ្នកធាក់ស៊ីក្លូ ទស្សនិកជនបានទស្សនាហើយ ប្រាកដជាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង។

ជាការពិត ថ្មីៗនេះ តារាចម្រៀង សុវត្ថិឌី ធារីកា បាន​បង្ហោះរូបភាពមួយសន្លឹក ដែលថតជាមួយលោកតាធាក់ស៊ីក្លូម្នាក់ ក្នុងទឹកមុខដ៏ស្រពោន ភ្ជាប់ជាមួយនឹងពាក្យពេចន៍ថា «ពេញមួយជីវិតរបស់លោកតា គឺមិនដែលស្គាល់ពាក្យថា សុខស្រួលទាល់តែសោះ។ លោកតាត្រូវទទួលបន្ទុកជាច្រើន នោះគឺ​ចៅតូចៗដែលលោកតា​ចិញ្ចឹម និងមើលថែ ទាំងដែលលោកតា មានព្រះជន្ម៨៣ឆ្នាំទៅហើយ។ នេះហើយជីវិតលោកតាស៊ីក្លូ ទោះបីគាត់ក្រ តែក៏មិនលើកដៃសំពះសុំទានគេដែរ»

អមជាមួយនឹងរូបភាព រួមទាំងសារ សុវត្ថិឌី ធារីកា ក៏មានភ្ជាប់មកដោយបទចម្រៀងមួយបទ «ជីវិតអ្នកធាក់ស៊ីក្លូ» ពិតជាពោរពេញដោយអត្ថន័យកំសត់ ចាក់ដោតអារម្មណ៍ជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យតារាចម្រៀងរូបនេះ ស្រក់ទឹកភ្នែក ពេលកំពុងច្រៀងទៀតផង។ មួយវិញទៀតអត្ថន័យក្នុងបទចម្រៀងមួយនេះ ក៏បង្កប់នូវអត្តន័យលើកទឹកចិត្ត ដល់អ្នកធាក់ស៊ីក្លូ ទាំងអស់ឲ្យមានការខំប្រឹង និងទទួលយកក្ដីស្រឡាញ់ពីចៅ ដោយក្ដីរីករាយ។

តាមរយៈបទចម្រៀង ដែលទើបនឹងបញ្ចេញក្ដៅៗ ពីសំណាក់តារាចម្រៀងស្រីវ័យក្មេង កញ្ញា សុវត្ថិឌី ធារីកា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ខណៈដែលមានអ្នកចូលទស្សនាយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះទស្សនិកជន ហាក់ពេញចិត្ត​ទៅលើអត្ថន័យនៃបទចម្រៀងទាំងស្រុង គឺ​បង្ហាញពីការលើកទឹកចិត្តខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត ទឹកដមសំឡេង របស់ស្រីស្អាត ធារីកា គឺមានភាពស្រទន់ និងពោរពេញដោយមនោសញ្ចេតនាឈឺចាប់ ធ្វើឲ្យបទចម្រៀង «ជីវិតអ្នកធាក់ស៊ីក្លូ» មួយបទនេះ កាន់តែកំសត់ និងពីរោះ៕