(ក្រុងឡុងដ៍)៖ លោក Jose Mourinho ដែលទើបត្រូវបានតែងតាំងឲ្យដឹកនាំក្លឹបមាន់ខ្នាយមាស Tottenham Hotspur នោះ បានថ្លែងថា នឹងមិនធ្វើឲ្យមានកំហុសដដែលៗកើតឡើងទៀតឡើយ តែអាចជាកំហុសផ្សេង លោកមិនហ៊ានធានាទេ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកចាត់ការទូទៅថ្មីរបស់ Spurs ដែលជាជំនួសកៅអីគ្រូបង្វឹក Mauricio Pochettino ដែលត្រូវបានបណ្តេញកាលដើមសប្តាហ៍ ក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំ ពោលគឺនឹងផុតកំណត់ដល់បំណាច់រដូវកាលឆ្នាំ២០២២-២០២៣ ដោយទទួលបានថ្លៃនឿយហត់ ១៣លានផោនផងដែរ ក្នុង១ឆ្នាំ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ វ័យ ៥៦ឆ្នាំខាងលើបានថ្លែងថា «ខ្ញុំទទួលបានស្គាល់ថា ខ្ញុំបានធ្វើឲ្យមានកំហុសជាច្រើននាពេលកន្លងមក តែខ្ញុំនឹងមិនបណ្តោយឲ្យកំហុសដដែលៗនេះកើតឡើងទៀតឡើយ ខ្ញុំនឹងបង្កើតកំហុសថ្មីមិនច្រំដែល»

១ប្រកួតដំបូងរបស់លោក Jose Mourinho ត្រូវដឹកនាំ Spurs ទៅសួរសុខទុក្ខម្ចាស់ផ្ទះញញួរធំ West Ham United នាក្បាលព្រលប់ស្អែកនេះ ក្នុងសប្តាហ៍ទី១៣ នៃ Premier League ជើងទី១។

គួររំលឹកផងដែរថា Tottenham Hotspur ជាក្លឹបលេងនៅ Premier League ទី៣ ដែល Mourinho ដឹកនាំ បន្ទាប់ពី Chelsea និង Manchester United ហើយក៏ទទួលបានប្រាក់ពលកម្មច្រើនជាងគេឈរនៅលំដាប់ទី២ ផងដែរ បន្ទាប់ពី Pep Guardiola ដែលកំពុងដឹកនាំ Manchester City ដោយបញ្ចប់រយៈពេល ១១ខែអត់ការងារធ្វើ គិតចាប់តាំងពី Man Utd បញ្ចប់តំណែងកាលចុងឆ្នាំ២០១៨ កន្លងទៅ៕