(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មីហើយ បន្ទាប់ពីលោកឧកញ៉ា រ័ត្ន សាខន ប្រធានសហព័ន្ធចាស់ បានប្រកាសដកខ្លួន កាលពីពេលថ្មី ដែលជំនួសដោយលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ឡើងធ្វើជាប្រធានថ្មី អមជាមួយសមាជិកប្រតិបត្តិថ្មីជាច្រើនរូបផងដែរ ។

ការប្រកាសសមាសភាពថ្នាក់ដឹកនាំសហព័ន្ធថ្មីនេះ បានធ្វើឡើងក្នុងមហាសន្និបាតវិសាមញ្ញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ដែលបានធ្វើឡើង ក្រោមការចូលរួមធ្វើជាសាក្សីដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

ក្រោយទទួលបានការគាំទ្រធ្វើជាប្រធានសហព័ន្ធ លោក គៀត ច័ន្ទថារិទ្ធ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្ដដឹកនាំ និងអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកនេះឲ្យកាន់តែរីកចម្រើន បន្ដពីប្រធានសហព័ន្ធចាស់ ពិសេសលោកបានសន្យាពង្រឹងលើការងារសំខាន់ៗចំពោះមុខមួយចំនួន ដូចជាការរៀបចំជួសជុលហេដ្ឋារចានាសម្ព័ន្ធសហព័ន្ធ កន្លែងហ្វឹកហាត់ សម្ភារៈហ្វឹកហាត់ និងផ្ដល់នូវការលើកទឹកចិត្តពិសេស ចំពោះការខិតខំ និងយកចិត្តទុកដាក់របស់កីឡាករ-កីឡាការិនីឆ្នើមជាដើម ។

យ៉ាងណាមិញ ចំពោះសមាសភាពថ្នាក់ដឹកនាំខាងលើ ត្រូវបានគាំទ្រពេញទំហឹងពីលោកបណ្ឌិត ថោង ខុន ដោយលើកទឹកចិត្តលើឆន្ទៈ ការស្រលាញ់ រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីឆ្លើយតបនឹងវឌ្ឍនភាពរបស់វិស័យកីឡាជាតិបច្ចុប្បន្ន ពិសេសស្របតាមផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ ។ ដោយហេតុនេះលោករដ្ឋមន្ដ្រីរំពឹងថា ក្រោមការដឹកនាំរបស់សមាជិកប្រតិបត្តិថ្មី នឹងជំរុញវិស័យកីឡាមួយនេះដើរទៅមុខ និងកាន់តែរីកចម្រើនបន្ថែមទៀត ដ្បិតលោកទទួលស្គាល់កាលលោកឧកញ៉ា រ័ត្ន សាខន ដឹកនាំ ក៏បានបង្កើតសមិទ្ធផលជាច្រើនផងដែរ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ចំពោះសមាជិកប្រតិបត្តិសហព័ន្ធបន្ដអាណត្តិទី៦ ឆ្នាំ២០១៧-២០២១ គឺមាន ១៣នាក់ រួមមានលោក គៀត ច័ន្ទថារិទ្ធ ជាប្រធាន, លោក ដួង ហេង, លោក ពុំ វិត្យា, លោក សុខ វិសាល និងលោក លី សេងឃុង ជាអនុប្រធាន ។ លោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ, លោក ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហេរញ្ញឹក, លោក ចាន់ ពិសិដ្ឋ ជាអគ្គលេខាធិការរង និងសមាជិក ៤រូប មានលោក អ៊ឹង ប៊ុនឃាង, លោក អម សុផាណា, លោក រស់ ជាតិ និងលោក ដួង វណ្ណា៕