(ភ្នំពេញ)៖ វីរកីឡាការិនីឆ្នើមផ្នែកកីឡាប៉េតង់របស់កម្ពុជា អ្នកស្រី កែ ឡេង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ បន្ទាប់ពីទម្លាក់កីឡាការិនីកាណាដា Bergreon Maryes ដោយលទ្ធផល ៣៤ពិន្ទុ ទល់នឹង ២៨ពិន្ទុ លើវិញ្ញាសាវាយយកពិន្ទុ(Shooting) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

បន្ទាប់ពីទម្លាក់កីឡាការិនីកាណាដារួច កែ ឡេង ត្រូវឡើងទៅជួបកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ដែលកីឡាការិនីមីយ៉ាន់ម៉ារូបនេះ ទើបបានយកឈ្នះកីឡាការិនីប៊ែលហ្ស៊ិក ដោយលទ្ធផល ៣១ពិន្ទុ ទល់នឹង ១៣ពិន្ទុ ក្នុងការប្រកួតវគ្គ ៨នាក់ចុងក្រោយដូចគ្នា ក្នុងម៉ោងដំណាលគ្នា កាលពីព្រឹកមិញ ។

ដោយឡែកគូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត គឺកីឡាការិនីឡាវ Bivilak Theppphakan ត្រូវជួបកីឡាការិនីចិន Wang You Jing ។ ក្នុងវគ្គ ១/៤ ព្រឹកមិញ កីឡាការិនីឡាវ បានយកឈ្នះកីឡាការិនីថៃ ៣៨ពិន្ទុ ទល់នឹង ៣៤ពិន្ទុ ។ ឯកីឡាការិនីចិន បានយកឈ្នះកីឡាការិនីន័រវ៉េ ដោយលទ្ធផល ១៨ពិន្ទុ ទល់នឹង ៥ពិន្ទុ ។

ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកានេះ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ។ ប៉ុន្ដែជាបណ្ដោះអាសន្ន សម្រាប់បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពេលនេះ សុទ្ធតែទទួលបានមេដាយសំរឹទ្ធក្នុងដៃរួចហើយ រួមទាំងកីឡាការិនី កែ ឡេង របស់ម្ចាស់ផ្ទះកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាវាយយកពិន្ទុផ្នែកស្រ្ដីនេះ គឺជាការប្រកួតការពារមេដាយមាសពិភពលោកលើកទី៣ របស់អ្នកស្រី កែ ឡេង បន្ទាប់ពីអ្នកស្រីដណ្ដើមបាន ៣លើកជាប់ៗគ្នា កាលពីឆ្នាំ២០១៣ នៅបារាំង ឆ្នាំ២០១៥ នៅថៃ និងឆ្នាំ២០១៧ នៅចិន៕