(ភ្នំពេញ)៖ វីរកីឡាការិនីប៉េតង់ឆ្នើមរបស់កម្ពុជា កែ ឡេង បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ឆ្នាំ២០១៩ បន្ទាប់ពីអ្នកស្រីបានយកឈ្នះកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ដោយលទ្ធផល៤៨ពិន្ទុ ទល់នឹង៣៨ពិន្ទុ មុននេះបន្ដិច ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ។

សម្រាប់ជ័យជម្នះខាងលើ បានធ្វើឲ្យម្ចាស់មេដាយមាស៣ជំនាន់ អ្នកស្រី កែ ឡេង ឡើងឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ ហើយក៏បានកក់មេដាយប្រាក់ក្នុងដៃផងដែរ។
ចំពោះគូប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់អ្នកស្រី ត្រូវរង់ចាំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងកីឡាការិនីឡាវ និងកីឡាការិនីចិន ហើយអ្នកឈ្នះ នឹងត្រូវឡើងមកជួបវីរកីឡាការិនី កែ ឡេង នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាស នារសៀលថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ការប្រកួតវិញ្ញាសាវាយយកពិន្ទុនេះ គឺជាការប្រកួតការពារមេដាយមាសលើកទី៣ របស់អ្នកស្រី កែ ឡេង បន្ទាប់ពីវីរកីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ ដណ្ដើមបានមេដាយមាស ៣ជំនាន់ជាប់ៗគ្នា កាលពីឆ្នាំ២០១៣ នៅបារាំង ឆ្នាំ២០១៥ នៅថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន ៕