(ភ្នំពេញ)៖ សម្រាប់ទិសដៅក្នុងការអភិវឌ្ឍន៍របស់ក្លឹប ក្នុងការបោះជំហានទៅរកភាពអាជីពពិតប្រាកដ ការអភិវឌ្ឍន៍យុវជនគឺជាទិសដៅអទិភាពមួយ ក្នុងចំណោមផែនការអភិវឌ្ឍន៍ធំៗមួយចំនួនទៀត ដូច្នេះតាមរយៈសមិទ្ធផលរបស់លោកគ្រូ ហៅ សុជាតិ កន្លងមក ក្លឹបប្រាកដណាស់ លោកនឹងសម្រេចបានលទ្ធផលល្អក្នុងការបង្កើតធនធានកីឡាករល្អៗជាច្រើន មកកាន់ឈុតធំក្នុងឆ្នាំជាបន្ដបន្ទាប់។

អ្វីដែលសំខាន់ផងនោះសម្រាប់ លោកគ្រូ ហៅ សុជាតិ ដែលជាគ្រូបង្គោលរបស់យើង​ នឹងត្រូវតំឡើងទៅជានាយកបច្ចេកទេសគ្រប់គ្រង និងអភិវឌ្ឍន៍យុវជនរបស់ក្លឹប ចាប់ពីរដូវកាលក្រោយតទៅ។

គួដឹងដែរថា នេះក៏ជាពេលវេលាដ៏សមរម្យមួយសម្រាប់លោកគ្រូហៅ សុជាតិ ដែលអនុញ្ញាតិឲ្យលោកមានពេលវេលាគ្រប់គ្រាន់ ក្នុងការបន្ដការសិក្សាផ្នែកគ្រូបង្វឹកកម្រិតខ្ពស់ ដែលលោកខកខានកាលពីឆ្នាំមុន អំឡុងពេលដែលមមាញឹកក្នុងការដឹកនាំក្រុមឈុតធំរបស់យើង ឲ្យទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

សូមបញ្ជាក់ផងដែរថា លោក ហៅ សុជាតិ បានសាងជូនក្លឹប ក្នុងពេលដឹកនាំក្រុមធំកន្លងមក ដោយជួយឱ្យពួកយើងគ្រងជើងឯកលីគ រដូវកាល ២០១៧ ក៏ដូចជា​ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ថ្មីៗនេះថែមទៀតផង៕