(ភ្នំពេញ)៖ ទីបំផុតវីរកីឡាការិនី កែ ឡេង បានការពារមេដាយមាសពិភពលោកជាលើកទី៣ បានសម្រេចហើយ បន្ទាប់ពីផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ (Shooting) នារសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកានេះនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នេះគឺជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតសម្រាប់វីរកីឡាការិនី កែ ឡេង ដែលអាចដណ្ដើមបានមេដាយមាសពិភពលោក ៤ ជំនាន់ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណាអាចធ្វើបានដូចអ្នកស្រីឡើយ។ អ្វីដែលពិសេស ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ ក៏ទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមទស្សនា និងលើកទឹកចិត្តផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ចំពោះការមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន៕