(ភ្នំពេញ)៖ អតីតបវរកញ្ញាចក្រវាលឆ្នាំ២០១៧ កញ្ញា ប៊ី សុធារី ថ្មីៗនេះបានធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងគ្រប់គ្នា ក្រោយពីប្រកាសជាសាធារណៈថា ខ្លួនបានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Arise Agency ហើយ ដោយសារតែមានភាពចម្រូងចម្រាសមួយចំនួន ដែលរូបនាងមិនអាចទទួលយកបាន។

តាមរយៈសារហ្វេសប៊ុក កញ្ញា ប៊ី សុធារី បានឲ្យដឹងថា «ជំរាបសួរ ពុកម៉ែ បងប្អូន និងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នា នាងខ្ញុំ ប៊ី សុធារី ចង់ជំរាបទៅកាន់ពុកម៉ែបងប្អូន និងបណ្ដាលអ្នកគាំទ្រទាំងអស់គ្នាឲ្យបានដឹងថា ថ្ងៃនេះនាងខ្ញុំបានសុំបញ្ចប់ និងសុីញ៉េបញ្ចប់កុងត្រាជាមួយនឹងក្រុមហ៊ុន Arise Agency, Miss Cambodia, Miss Universe Cambodia .org មុនការចប់កុងត្រា ដោយក្រោមហេតុផល ក្រុមហ៊ុនបានធ្វើខុសពីក្នុងលក្ខខណ្ឌនៅក្នុងកុងត្រាមួយចំនួន ដែលនាងខ្ញុំពុំអាចទទួលយកបាន»

បវរកញ្ញារូបនេះបានបន្តថា​ «ហើយក្រោយពីបញ្ចប់កុងត្រា ក្រុមហ៊ុនពុំអនុញ្ញាតឲ្យនាងខ្ញុំប្រើប្រាស់សិទ្ធ និងដំណែងជា កញ្ញាឯកចក្រវាឡ២០១៧ទៀតនោះទេ ដូច្នេះសូមពុកម៉ែបងប្អូន និងបណ្ដាលអ្នកគាំទ្រជ្រាប។ ហើយឥលូវនេះនាងខ្ញុំគឺជា តារ៉ាបង្ហាញម៉ូតឯករាជ្យ ដោយពុំមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនណាមួយឡើយ ដោយក្ដីគោរព និង សូមអរគុណ ពីនាងខ្ញុំ ប៊ី សុធារី»

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ យើងតាមទាក់ទងទៅអ្នកគ្រប់គ្រងបវរកញ្ញារបស់ក្រុមហ៊ុន Arise Agency ហើយ ប៉ុន្តែមិនទាន់ឆ្លើយតប។ តែយ៉ាងណា យើងនឹងព្យាយាមទាក់ទង និងជម្រាបជូននៅពេលក្រោយ៕