(ភ្នំពេញ)៖ នៅសល់រយៈពេល ១ខែកន្លះទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នឹងមកដល់ហើយ ពោលគឺនៅថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ដោយត្រូវប្រណាំងឆ្លងកាត់ខេត្ត ៤ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ក្នុងនោះភ្នំបូកគោ បានក្លាយជាគោលដៅដ៏សំខាន់ ដែលទាក់ទាញអ្នកជិះកង់ជើងខ្លាំងលើពិភពលោក មកចូលរួមព្រឹត្តិការណ៍ដ៏ធំនៅកម្ពុជានេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃសុក្រថា បច្ចុប្បន្នព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ ត្រូវប្ដូរការប្រកួតដំណាក់កាលចុងក្រោយ មកបញ្ចប់នៅខេត្តកែប ជំនួសខេត្តព្រះសីហនុវិញ ព្រោះខេត្តព្រះសីហនុ ត្រូវមមាញឹកស្ថាបនាផ្លូវ ៣៤ខ្សែ ដែលសម្ពោធដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលថ្មីៗ ។

ប៉ុន្ដែការជិះវាងទីរួមខេត្តព្រះសីហនុនេះ មិនប៉ះពាល់ដល់ការផ្សព្វផ្សាយតំបន់ឆ្នេរស្អាតរបស់កម្ពុជា ក៏ដូចជាការរៀបចំឡើយ ដ្បិតខេត្ត ៣ ទៀត ក៏មានឆ្នេរស្អាតស្ថិតក្នុងឆ្នេរកម្ពុជា ដែលជាសមាជិកក្លឹបឆ្នេរស្អាតពិភពលោកដែរ ។ ម្យ៉ាងគោលដៅសំខាន់របស់អ្នកចូលរួម គឺពួកគេត្រូវការតំបន់ណា មានការប្រកួតប្រជែងខ្ពស់ ពិសេសតំបន់ឡើងភ្នំ ជាក់ស្ដែងភ្នំបូកគោ បានក្លាយជាគោលដៅសំខាន់មួយ សម្រាប់អ្នកជិះកង់អាជីព ។

លោកថា «តាមពិតអ្នកចូលរួមគាត់ចូលចិត្តតំបន់មាន Challenge ខ្ពស់ ដូចជាឡើងភ្នំបូកគោ ព្រោះការប្រណាំងលក្ខណៈអាជីព គាត់មិនផ្ដោតប្រណាំងលើផ្លូវរាបពេកទេ ។ មួយទៀត ទោះឆ្នាំនេះ យើងមិនរៀបចំនៅតំបន់ឆ្នេរខេត្តព្រះសីហនុ តែមិនប៉ះពាល់ដល់គោលដៅផ្សព្វផ្សាយអំពីតំបន់ឆ្នេរស្អាតរបស់យើងឡើយ ព្រោះខេត្តគោលដៅត្រូវរៀបចំ សុទ្ធតែមានឆ្នេរជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោករបស់កម្ពុជា ហើយយើងក៏មិនមែនវាងផុតខេត្តព្រះសីហនុដែរ យើងត្រូវឆ្លងកាត់តំបន់ព្រៃនប់ និងវាលរិញជាដើម»

ទន្ទឹមជាមួយគ្នា គណៈកម្មការរៀបចំក៏បានយកចិត្តទុកដាក់ខ្លាំងលើខ្លឹមសារពីរ ទី១៖ ផ្នែកបច្ចេកទេស ដោយការវាយតម្លៃលើការប្រកួត ត្រូវមានតម្លាភាព និងសាកសិទ្ធភាពបំផុត ក្នុងការផ្ដល់លទ្ធផល ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកចូលរួម និងទី២៖ ការវាយតម្លៃអំពីគុណភាពសេវាក្នុងការរៀបចំ ស្របតាមគោលការណ៍របស់សហព័ន្ធប្រណាំងកង់អន្ដរជាតិ(UCI) ដើម្បីធានាលទ្ធភាពបន្ដរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាឲ្យបានជារៀងរាល់ឆ្នាំផងដែរ ។ នេះបើតាមការបន្ថែមរបស់លោក វ៉ាត់ ចំរើន ។

ស្របពេលជាមួយគ្នាលោក នី ផល្លី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក៏បានលម្អិតជាថ្មី អំពីផ្លូវត្រូវប្រណាំងផងដែរ ដោយបែងចែកជា ៣ដំណាក់កាលដដែល ដំណាក់កាលទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរ ឆ្ពោះទៅទីរួមខេត្តកោះកុង ។ ដំណាក់កាលទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថង ឆ្ពោះទៅភ្នំបូកគោ(វាលរិញ) និងដំណាក់កាលទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោក ឆ្ពោះទៅខេត្តកែប ហើយធ្វើការប្រណាំង ៥ជុំ មុនរៀបចំពិធីបិទ នៅមុខសាលាខេត្តតែម្ដង ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពល តំបន់ឆ្នេរកម្ពុជា លើកទី១ ត្រូវបានរំពឹងយ៉ាងហោចមាន ២០ក្រុមស្មើនឹងជិត ២០ប្រទេសមកពីគ្រប់ទ្វីបចូលរួម ។ ចំណែកកីឡាករ-កីឡាការិនី គឺមានប្រហែល ២០០នាក់ចូលរួម ដែលសុទ្ធសឹងជាអ្នកជិះកង់កម្រិតអាជីព ស្របពេលប្រណាំងលើកដំបូងនៅកម្ពុជានេះ ត្រូវបាន UCI កំណត់ការប្រកួតប្រជែងកម្រិត ២.២ ។ បច្ចុប្បន្នគេឃើញមានក្រុមជាច្រើនបានចុះឈ្មោះរួចរាល់ និងមានក្រុមខ្លះ កំពុងសម្រុកមកចុះឈ្មោះបន្ដ ដូចជាបារាំង អាមេរិក ចិន ហុងកុង ថៃ កូរ៉េ ម៉ាឡេស៊ី ប៉ូឡូញ ឥណ្ឌូនេស៊ី ហ្វីលីពីន អាល្លឺម៉ង់ ហូឡង់ និងអូស្ដ្រាលីជាដើម៕