(ភ្នំពេញ)៖ ក្រុមកីឡាការិនីកម្ពុជា(ក្រុមទី១) បានរបូតឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាការិនីឡាវ ដោយលទ្ធផល ១៣-៦ពិន្ទុមុននេះបន្ដិច លើវិញ្ញាសាវាយជាក្រុម ៣នាក់ទល់នឹង ៣នាក់ ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ។

ជាមួយការបរាជ័យលើវិញ្ញាសាក្រុមនេះ ក្រុមនារីកម្ពុជាទី១ គឺមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនីបម្រុង កែវ វណ្ណា ។ ចំពោះក្រុមកីឡាការិនីឡាវ មុនយកឈ្នះក្រុមនារីកម្ពុជាទី១ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ ពួកគេក៏បានទម្លាក់ក្រុមនារីកម្ពុជាទី២ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ លើវិញ្ញាសាវាយជាក្រុម ៣នាក់ទល់នឹង ៣នាក់នេះផងដែរ ។

ប៉ុន្ដែក្រុមកីឡាការិនីកម្ពុជាខាងលើ គឺទទួលបានមេដាយសំរិទ្ធ ១ ដោយស្វ័យប្រវត្តិ ជាមួយនឹងក្រុមកីឡាការិនីបារាំង ដែលទើបបរាជ័យក្រោមថ្វីដៃកីឡាការិនីថៃ ដោយលទ្ធផល ១៣-៤ពិន្ទុ ក្នុងម៉ោងដំណាលគ្នាកាលពីព្រឹកមិញ ។ ដូច្នេះក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ឆ្នាំ២០១៩ ក្រុមប៉េតង់កម្ពុជា គឺដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ ។

ចំពោះពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា នឹងធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិ ។ ប៉ុន្ដែមុនឈានដល់ការប្រារព្ធពិធីបិទ និងបំពាក់មេដាយជ័យលាភី ក៏មានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ២ប្រកួត រវាងក្រុមយុវជនឡាវ ប៉ះក្រុមយុវជនបារាំង លើវិញ្ញាសា ៣ ទល់នឹង ៣ ផ្នែកយុវជន និងក្រុមកីឡាការិនីឡាវ ប៉ះក្រុមកីឡាការិនីថៃ លើវិញ្ញាសា ៣ទល់នឹង ៣ ផ្នែកនារីផងដែរ៕