(ភ្នំពេញ)៖ តារាចម្រៀងមានប្រវត្តិក្រខ្សត់ លោក សែម សង្វាត ត្រូវបានមហាជនទទួល​ដំណឹងមកថា ​ក្រុមគ្រួសារបានបញ្ចូនរូបលោកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ជោរៃ បន្ទាប់ពីមានអាការៈក្អួតឈាមរហូតដល់សន្លប់ បាត់ស្មារតី ខណៈដែលក្រុមគ្រួសារ កំពុងខ្វះខាតលទ្ធភាពព្យាបាល និងដង្ហោយរកការជួយឧបត្ថម្ភ ពីសប្បុរសជននានា។

​យោងតាមការបង្ហោះ របស់គណនីហ្វេសប៊ុកឈ្មោះ សង្វាត បញ្ញា បានសរសេររៀបរាប់ថា «ថ្ងៃទី ២២/១១/២០១៩ ខណៈពេលនេះបងប្រុស សែម សង្វាត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ Cho Ray Phnom Penh ដោយគាត់បានក្អួតឈាមសន្លប់។ សូមអ៊ុពូមីងមេត្តាជួយគ្រួសារពួកយើងផង គ្រួសារខ្ញុំកំពុងជួបការខ្វះខាតថវិកា ០៨៦ ៨៥ ៣២ ៧៩​»

អតីតតារាចម្រៀងក្នុងក្រុម «EV BAND» លោក សែម សង្វាត ​ទើបតែបានបង្ហាញវត្តមានជាថ្មី ឲ្យទស្សនិកជនអ្នកគាំទ្របានឃើញ ក្រោយពីលោកបានឃ្លាតឆ្ងាយពីសិល្បៈ អស់រយៈពេលយ៉ាងយូរ ពោលគឺជាង២០ឆ្នាំមកហើយ ខណៈដែលការបាត់វត្តមានសូន្យឈឹង ពីសិល្បៈរយៈពេលយូរបែបនេះ ដោយសារតែលោកមានជំងឺប្រចាំកាយ ត្រូវព្យាបាលជាបន្តបន្ទាប់។ យ៉ាងណាមិញរឿងរ៉ាវនេះ បានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះអ្នកសិល្បៈ ជាពិសេសគឺអតីតសមាជិកក្រុមចម្រៀងរបស់លោក ដែលជាមិត្តរួមអាជីព គឺលោក ឃុំ ប៉ុណ្ណាដែត បាននាំយកថវិកាទទួលបានពីសប្បុរសជន យកទៅជូនលោក ដើម្បីដោះស្រាយបញ្ហាខ្វះខាតខ្លាំង នៅចំពោះមុខនេះ។

ស្របជាមួយគ្នានឹងការបាត់ដំណឹងនេះ លោកត្រូវបានគេដឹងថា ក្លាយជាអាជីវកររកស៊ីលក់កាបូប នៅក្នុងផ្សារប៉ោយប៉ែត និងផ្សាររ៉ុងក្លឿ ប្រទេសថៃ។ ទើបតែរយៈកាលប៉ុន្មានខែមុននេះ ស្រាប់តែលេចវត្តមានលោកឡើងវិញ ធ្វើឲ្យទស្សនិកជនជាច្រើនបានសម្ដែងនូវការនឹករឭក ដល់លោកយ៉ាងខ្លាំង។

សូមរំឭកថា លោក សែម សង្វាត ជាដៃគូចម្រៀងជាមួយនឹងលោក បូរ វិចិត្រ និងជាអតីតសមាជិកក្រុម EV BAND បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច។ សព្វថ្ងៃនេះ លោក សែម សង្វាត ទទួលភារកិច្ចចិញ្ចឹម កូនប្រុសទាំងអស់បីនាក់ ម្តាយចាស់ជរាម្នាក់ និងបងស្រីរបស់លោកម្នាក់ទៀត។ លោកបានពោលថា ដោយសារតែសុខភាពរបស់លោកកាន់តែទ្រុឌទ្រោម ប្រាក់ខែដែលបានមកពីការធ្វើការ ក៏ប្រើប្រាស់សឹងតែមិនគ្រប់ ព្រោះលោកនៅផ្ទះជួលគេ ក៏ដូចជាទិញថ្នាំពេទ្យ ថ្លៃចំណាយលើការរៀនសូត្ររបស់កូនៗ និងចិញ្ចឹមម្តាយជរា និងបងស្រី៕