(ភ្នំពេញ)៖​ បណ្តាអ្នកគាំទ្ររបស់តារាសម្តែងស្រី ស៊ិន យូប៊ិន បានបង្ហាញពីទឹកចិត្តរីករាយ និងកោតសរសើរនាងគ្រប់គ្នា ដែលតារាស្រីរូបនេះ មិនត្រឹមតែមានសម្រស់សោភាប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្តសប្បុរសធម៌ផងដែរ។ ជាក់ស្តែង ថ្មីៗនេះកញ្ញា បានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនរហូតដល់ទៅ 366.5$ ដុល្លារ ជួយដល់សិស្សសាលាក្នុងខេត្តកំពង់ចាម។

ពិតណាស់ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា «ធន ម៉េងហ៊ាង» បានធ្វើការបង្ហោះរូបភាពរបស់ ស៊ិន យូប៊ិន ភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «សូម​អរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកនាង Shin Yubin ដែលបានឧបត្ថម្ភនូវថវិកាចំនួន 366.5 $ សម្រាប់​រៀប​ចំសម្ភារ​សិក្សា​ចំនួន ១៤០​ឈុត ជូនដល់សិស្សានុសិស្សចំនួន ១៤០នាក់ ដែលសិក្សានៅសាលាបឋមសិក្ស ស្វាយផ្អែម ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម។ សូមជូនពរអ្នកនាង ព្រមទាំងក្រុមគ្រួសារសុខភាពល្អ»

ជាការកត់សម្គាល់ នេះក៏មិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីកំពុងមានប្រជាប្រិយភាពទាំងក្នុងនិងក្រៅប្រទេស ស៊ិន យូប៊ិន បានធ្វើនូវការងារសប្បុរធម៌បែបនេះ ពោលគឺជាញឹកញាប់មកហើយ គ្រាន់តែថា តារាស្រីរូបនេះ មិនដែលបង្ហាញក្នុងបណ្តាញសង្គមផ្ទាលខ្លួនប៉ុណ្ណោះ៕