(ក្រុងឡុងដ៍)៖ ១ប្រកួតដឹកនាំដំបូងរបស់អ្នកចាត់ការទូទៅ Jose Mourinho បានជួយឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur រកបាន ៣ពិន្ទុតែម្តង ពេលយកឈ្នះក្រុមម្ចាស់ផ្ទះញញួរធំ West Ham United ក្នុងសប្តាហ៍ទី១៣ ជើងទី១ នៃ Premier League កាលពីរាត្រីថ្ងៃសៅរ៍។

កីឡាករ Son, Moura និង Harry Kane សុទ្ធតែរួមចំណែកជួយ Tottenham នាំមុខ ៣-០ គិតចាប់តាំងពីនាទីទី៤៩ ដើមវគ្គទី២ មក មុនពេលត្រូវបាន Antonio និងមិត្តរួមក្រុម Ogbonna រកបានវាយបក ២គ្រាប់វិញនៅចុងម៉ោង មុនបញ្ចប់លទ្ធផលផ្លូវការ Spurs ឈ្នះ West Ham ៣-២។

៣ពិន្ទុក្រៅដីពី ១ប្រកួតដំបូងរបស់អ្នកចាត់ការថ្មី Jose Mourinho គិតចាប់តាំងពីបានចុះកិច្ចសន្យា ៤ឆ្នាំក្នុងការដឹកនាំ Spurs ឡើងទៅឈរនៅលេខរៀងទី១០ បណ្តោះអាសន្នផងដែរ ដោយបន្តចាញ់ក្រុមកំពូលតារាង Liverpool ដល់ទៅ ២០ពិន្ទុ គ្រាដែលហង្សក្រហមក៏បានយកឈ្នះម្ចាស់ផ្ទះ Crystal Palace ២-១ នៅនាទីចុងម៉ោងដែរនោះ ដើម្បីបន្តប្រវត្តិលេងមិនចាញ់នៅ Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះ។

១ប្រកួតបន្ទាប់របស់ Tottenham នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមមកពីក្រិក Olympiakos ក្នុងប្រកួតទី៥ នៃ UEFA Champions League នៅរាត្រីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មុនពេលទទួលក្រុម AFC Bournemouth នៅ Premier League នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ គ្រាដែល West Ham United ត្រូវប៉ះម្ចាស់ផ្ទះ Chelsea នៅកីឡដ្ឋាន Stamford Bridge ដែលជាជំនួប London derby នារាត្រីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា៕