(សេអ៊ូល)៖ ទីភ្នាក់ងាររបស់តារា K-POP ស្រី Goo Hara បានរៀបចំកន្លែងពិសេសផ្សេងមួយទៀត សម្រាប់ឲ្យអ្នកគាំទ្រមកគោរពវិញាណក្ខន្ធរបស់នាង ជាលើកចុងក្រោយ។ នេះយោងតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ភ្នាក់ងាររបស់ Goo Hara បានចេញសេចក្តីប្រកាសជាផ្លូវការថា បណ្តាអ្នកគាំទ្រអាចមកគោរពវិញាណក្ខន្ធរបស់ Goo Hara នៅសាលទី១។ ពិធីបុណ្យសព្វរបស់នាង នឹងធ្វើនៅក្នុងសាលមួយក្នុងតំបន់ Gangnam ចាប់ពីវេលាម៉ោង៣ ល្ងាច (ម៉ោងក្នុងតំបន់) រហូតដល់យប់ថ្ងៃទី២៧ ខែវិច្ឆិកា។

សេចក្តីប្រកាសដដែលបានឲ្យដឹងថា ក្រុមគ្រួសាររបស់ Goo Hara ចង់រៀបចំបុណ្យសព្វរបស់នាងដោយស្ងប់ស្ងាត់ ហេតុនេះហើយ ទើបភ្នាក់ងារសម្រេចរៀបចំកន្លែងដោយឡែកផ្សេងមួយទៀត ដើម្បីឲ្យអ្នកគាំទ្របានចូលរួមគោរពវិញាណក្ខន្ធរបស់នាង។ ដោយក្នុងនោះគ្រួសារនាង បានរៀបចំពិធីបុណ្យសព្វ នៅ Yonsei Severance Hospital Funeral Hall។

គួរជម្រាបថា កាលពីប៉ុន្មានខែមុន Goo Hara បានប៉នប៉ងធ្វើអត្តឃាតនៅក្នុងផ្ទះរបស់នាង ស្ថិតនៅក្នុង Cheongdam-dong (ឆុងដាមដុង) នៅទីក្រុងសេអ៊ូល ហើយត្រូវគេបញ្ចូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ក្រោយសន្លប់បាត់ស្មារតី។ តែការស្លាប់របស់នាងពេលនេះ គឺនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុនៅឡើយទេ ដោយប៉ូលីសកំពុងធ្វើការស៉ើបអង្កេត៕