(ភ្នំពេញ)៖ បេក្ខជនតំណាងចំនួន១០រូប ត្រូវបានថ្នាក់ដឹកនាំបង្ហាញការរំពឹងយ៉ាងខ្លាំងថា នឹងឈ្នះពានក្នុងពេលខាងមុខ។ អ្នកទាំង១០ ត្រូវបានបង្ហាញ កាលពីល្ងាចថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលាស្រណោះតន្ត្រី។ ពួកគេគឺជាបេក្ខភាពដែលសាលាជឿភាគច្រើនថា នឹងអាចដណ្ដើមពានមាសត្រឡប់មកវិញ នៅម៉ាឡេស៊ី ដែលជាការប្រកួតអន្តរជាតិ។

លោក សូរ ស្រណោះ នាយកសាលាបញ្ជាក់ថា នៅអំឡុងខែកុម្ភៈក្នុងឆ្នាំ២០២០ខាងមុខ លោកនឹងបញ្ជួនបេក្ខជនប្រមាណ៩០រូប ឲ្យទៅប្រកួតក្នុងព្រឹត្តិការណ៍ប្រជែងពាន និងជើងឯកផ្នែកតន្ត្រី និង ចម្រៀង នៅក្នុងប្រទេសម៉ាឡេស៊ី ដោយក្នុងចំណោមនោះ បេក្ខជនក្មេងៗចំនួន១០រូបដែលលោកបង្ហាញគឺជាក្ដីសង្ឃឹមដ៏ធំ។ លោកថា បេក្ខជនទាំង១០រូប ជ្រើសចេញពីការប្រកួតធំមួយរបស់សាលាសូស្រណោះ ក្រោមការរៀបចំពីអ្នកជំនាញជនជាតិបរទេស និងមានការបើកចំហរឲ្យប្រឡងជាទ្រង់ទ្រាយធំ រាប់ទាំងសិស្សក្រៅសាលា។

ក្នុងចំណោមពួកគេ ទាំង១០រូប មាន៣នាក់គឺជាម្ចាស់បានផង មេដាយមាសផង តាមរយៈការប្រឡងក្នុងស្រុក។ លោកថាការប្រឡងនៅក្នុងប្រទេសម៉ាឡេស៊ីនោះ បេក្ខជនទាំងអស់មានការត្រៀមខ្លួនច្រើន ហើយហេតុផលដែលលោកបញ្ជូនអ្នកទៅប្រកួតដល់ទៅ៩០រូប ច្រើនជាង៣លើកកន្លងមក គឺដោយសារតែមានការសហការពីមាតាបិតាសិស្ស និងដោយសារតែចង់អោយក្មេងៗទាំងនោះយល់ដឹងពីបរិយាកាសនៅក្នុងការប្រកួតនោះផង។

លោក សូរ ស្រណោះ បន្ថែមថា លោកនឹងពុះពារអោយអស់លទ្ធភាពក្នុងការជំរុញកូនខ្មែរអោយលើកពានជើងឯកលើឆាកអន្តរជាតិ ខណៈដែលពានមាស កូនសិស្សរបស់លោកធ្លាប់ទទួលបានច្រើនហើយ។ ក្នុងនោះសាលាទាំងមូលក៏នឹងបន្ថែមកម្មវិធី ដោយមានទាំងគ្រូបរទេស អោយមកជួយបង្វឹកអោយច្រើន មុនតំណាងកម្ពុជាទាំងអស់ ចេញទៅប្រកួតនៅដើមឆ្នាំ២០២០៕