(សេអ៊ូល)៖ ក្នុងប្រតិបតិ្តការស៊ើបអង្កេតលើករណីស្លាប់របស់តារា K-POP ស្រី Goo Hara ប៉ូលីសកូរ៉េខាងត្បូង បានរកឃើញលិខិតមួយក្នុងផ្ទះរបស់នាង ដែល Goo Hara បានសរសេរដោយផ្ទាល់ដៃ។ នេះបើតាមការចេញផ្សាយដោយ Koreaboo នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប៉ូលីសសេអ៊ូល បានឲ្យដឹងថា «លិខិតដែលបានរកឃើញលើតុ នៃបន្ទប់ទទួលភ្ញៀវរបស់ Goo Hara គឺបានសរសេរយ៉ាងខ្លី ក្នុងខ្លឹមសាររៀបរាប់ពីចំណុចអាក្រក់របស់នាង»

ប៉ូលីស បន្តថា «អ្នកមើលការខុសត្រូវក្នុងផ្ទះបានរកឃើញ Goo Hara ដេកស្លាប់ក្នុងផ្ទះនៅអំឡុងម៉ោង៦ល្ងាច។ តែយ៉ាងណា បន្ទាប់ពីការស៉ើបអង្កេត និងបានសាកសួរពីក្រុមគ្រួសារ ក៏ដូចជាមិត្តភ័ក្តរបស់ Goo Hara រួចមក វាហាក់បីដូចជាគ្មានការចោទប្រកាន់ពីបទឧក្រិដ្ឋទេ»

ដោយឡែក ងាកមកកាមេរ៉ារបស់ CCTV បានកំណត់ថា Goo Hara ត្រឡប់មកផ្ទះ នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង ១២៖៣០ នាទីព្រឹក។ ចាប់ពីពេលនោះមកមិនមាននរណាម្នាក់ចេញចូលផ្ទះនាងឡើយ៕