(ភ្នំពេញ)៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេឃើញមានពិធីដង្ហែ ព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ ព្រះមេរុ ដើម្បីប្រារព្ធព្រះពិធី ថ្វាយព្រះភ្លើង ខាងមុខវត្តបទុមវតី ព្រមទាំងមានការចូលរួមពីសំណាក់ មហាជនយ៉ាងច្រើន ដើម្បីថ្វាយព្រះដំណើរ ជាលើកចុងក្រោយ ដោយបង្ហាញទឹកមុខ និងអារម្មណ៍សែនក្តុកក្តួល ហាក់ចង់ប្រាប់ឲ្យដឹងថា ពួកគេពិតជានឹក និងអាលោះអាល័យទ្រង់ជាខ្លាំង។ ជាមួយគ្នានេះ បទចម្រៀងដ៏សែនកម្សត់លន្លង់លន្លោចមួយបទ ដែលបកស្រាយដោយអ្នកនាង សុគន្ធ នីសា មានចំណងជើងថា «កូននឹងចងចាំ» ជាការច្រៀងថ្វាយព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ពិតជាកម្សត់ទប់ទឹកភ្នែកមិនបាន។

ក្នុងបទចម្រៀងដែលពោរពេញទៅដោយ អត្ថន័យដ៏សែនកម្សត់ រៀបរាប់ពីខ្សែជីវិត និងព្រះរាជបណ្ដាំរបស់សម្ដេចរាជបុត្រី នរោត្តម បុប្ផាទេវី មុនពេលទ្រង់យាងសោយទិវង្គត «កូននឹងចងចាំ» ពីតារាចម្រៀងអ្នកនាង សុគន្ធ នីសា ច្រៀងថ្វាយព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ពោរពេញដោយអត្ថន័យកម្សត់ អមជាមួយនឹងទិដ្ឋភាព ក្នុងថ្ងៃដែលទ្រង់យាងចាកព្រះពិរាល័យ ជាមួយនឹងការរាំរបាំថ្វាយវិញ្ញាណក្ខន្ធទ្រង់នៅថ្ងៃចុងក្រោយ ពិតជាធ្វើឲ្យចម្រៀងមួយបទនេះ សែនកម្សត់រកថ្លែងមិនត្រូវ។

ក្រោយសណ្ដាប់ជាមួយនឹងបទចម្រៀង «កូននឹងចងចាំ» ហើយ ធ្វើឲ្យប្រជាជនកម្ពុជាទាំងមូល រឹតតែមានអារម្មណ៍ថា ស្ដាយស្រណោះ និងស្រក់ទឹកភ្នែក ចំពោះការយាងសោយទិវង្គតរបស់ សម្ដេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី។

គួររំឭកផងដែរថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គត់ នាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

ដោយឡែក ចង់ជ្រាបកាន់តែច្បាស់ ពីបទចម្រៀង «កូននឹងចង់ចាំ» ពីសុគន្ធ នីសា ច្រៀងថ្វាយព្រះវិញ្ញាណក្ខន្ធទ្រង់ មានអត្ថន័យកម្សត់យ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ដូចតទៅ៖