(ភ្នំពេញ)៖ ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែល MV បទចម្រៀងកំពុងពេញនិយមរបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា និងលោក ខេមរៈ សិរីមន្ត គឺបទ «ប្រពន្ធបងមិនល្អមែនទេ?» មានអ្នកចូលទស្សនារហូតដល់ទៅជាង២លានដង នៅលើហ្វេសប៊ុកផេកផ្លូវការ របស់ផលិតកម្មហង្សមាស ក្រោយពីធ្វើការបង្ហោះមិនដល់មួយសប្ដាហ៍ផង។

ជាការពិតសម្រាប់បទចម្រៀងដែលជាការបកស្រាយ និងសម្ដែងប៉ះគ្នាជាលើកដំបូង របស់កំពូលតារាចម្រៀងក្នុងទ្រនំហង្សមាស អ្នកនាង ពេជ្រ សោភា និងលោក ខេមរៈ សិរីមន្ត បន្ទាប់ពីធ្វើការបញ្ចេញនៅលើបណ្ដាញសង្គម ទើបតែបានរយៈពេលប្រមាណជិតមួយសប្ដាហ៍ប៉ុណ្ណោះ តែមានអ្នកចូលទស្សនាជាង២លានដង ពោលគឺពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ទស្សនិកជន ខណៈដែលបទនេះ ត្រូវបានគេដឹងថាចំណងដៃថ្មីបំផុតរបស់តារាចម្រៀង ពេជ្រ សោភា និង ខេមរៈ សិរីមន្ត ច្រៀងរួមគ្នា សម្រាប់ឆ្នាំ២០១៩នេះ។

គួរឲ្យដឹងដែរថា បទនេះគឺជាស្នាដៃនិពន្ធបទភ្លេងដោយ ពេជ្រ សោភា ផ្ទាល់ និងមានការចូលរួមសម្ដែងរួមគ្នាជាលើកដំបូងរវាង ពេជ្រ សោភា និងលោក ខេមរៈ សេរីមន្ត ព្រមទាំងកញ្ញា រចនា រ៉ាវឌី ដែលដើរតួជាស្រីដណ្ដើមប្ដីគេ។ ការសម្តែងរបស់តារាប្រុសស្រីក្នុង MV នេះ ត្រូវបានគេមើលឃើញថា ពិតជាបានចាប់ដៃគ្នាបញ្ចេញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត ដោយដាក់មនោសញ្ចេតនា ក្នុងការសម្ដែងបានយ៉ាងល្អ ដែលជាការទាក់ទាញឲ្យមានទស្សនិកជនចូលទស្សនាជាច្រើនលានដង៕